គ្រូកីឡាចំបាប់ពិភពលោក ចែករំលែកបទពិសោធន៍ ការបង្ហាត់លំដាប់ពីភពលោក ដល់គ្រូចំបាប់តាមក្លិបរបស់កម្ពុជា
(ភ្នំពេញ)៖ អ្នកជំនាញកីឡាចំបាប់លំដាប់ពិភពលោក ជនជាតិអាមេរិកកាំង លោក Marty Hauck ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមកចែករំលែកបទពិសោធន៍ជូនសិក្ខាកាមជាកីឡាករកីឡាការិនីចំបាប់ និងគ្រូបង្វឹកមកពីតាមបណ្តារាជធានី-ខេត្ត រយៈពេល១២ថ្ងៃ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កញ្ញា កាំង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាល សាមគ្គីអូឡាំពិក ស្ដីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់នេះ មានការចូលរួមពីសិក្ខាកាមដែលជាកីឡាករកីឡាការិនី និងគ្រូបង្វឹកកីឡាចំបាប់មកពីបណ្តាក្លិបចំនួន២៥រូប។
កញ្ញា អគ្គលេខាធិការ មានប្រសាសន៍ទៀតថា ការចែករំលែកពីអ្នកជំនាញកីឡាចំបាប់លំដាប់ពិភពលោកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជំហ៊ានអភិវឌ្ឍន៍កីឡាចំបាប់ ឱ្យកាន់តែរីកសុះសាយ បង្កើតនូវធនធានកីឡាចំបាប់ជំនាន់ក្រោយឱ្យបានច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។
អ្នកជំនាញកីឡាចំបាប់ជនជាតិអាមេរិកាំង លោក Marty Hauck បានថ្លែងលើកឡើងថា ក្នុងរយៈពេល១២ថ្ងៃនេះ លោកនិងចែករំលែកបទពិសោធន៍ ដែលលោកធ្លាប់ឆ្លងកាត់ចាប់តាំងពីកីឡាករ រហូតដល់ធ្វើជាគ្រូបង្វឹក។ ការចែករំលែកនេះ និងជួយឱ្យគ្រូបង្វឹកកីឡាចំបាប់កម្ពុជាអាចនាំយកទៅបណ្តុះធនធានតាមបណ្តាក្លិបដើម្បីបណ្តុះបាននូវធនធានកីឡាករកីឡាការិនីចំបាប់ល្អៗដណ្តើមមេដាយពីការប្រកួតធំៗដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាដើម។
គួរឱ្យដឹងដែរថា លោក Marty Hauck គឺជាគ្រូចំបាប់របស់សហព័ន្ធកីឡាចំបាប់ពិភពលោក លោកមានបទពិសោធន៍ បង្ហាញកីឡាករ លំដាប់អូឡាំពិកចំនួន ៣៣នាក់ និងកីឡាករ ៤០០នាក់ផ្សេងទៀត នៅក្នុងកម្មវិធីបង្ហាត់ នៅតាមតំប់អាស៊ាន អាស៊ី និងពិភពលោក ។សម្រាប់វគ្គសិក្សានេះប្រព្រឹត្តទៅពីថ្ងៃទី០៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាម ២៥នាក់មកពី១០ក្លិបក្រោមចំណុះសហព័ន្ធ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ