ការរៀបចំឥណទានឡើងវិញ អាចសម្រួលដល់ជីវភាព រស់នៅរបស់ពលរដ្ឋ និងជួយសេដ្ឋកិច្ចជាតិ និងមិនខូច CBC នោះឡើយ
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារ នៅកម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់អតិថិជន ហើយថា ការរៀបចំឥណទានឡើងវិញនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្នុងការរស់នៅរបស់ពលរដ្ឋ សម្រួលដល់ជីវភាពក្នុងគ្រាលំបាក និងរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ ផងដែរ ។
លោកជំទាវបណ្ឌិត ជា សិរី បានបន្ដថា ការរៀបចំឥណទានឡើងវិញនេះ នឹងជួយប្រជាពលរដ្ឋដោយរបៀបណា? គឺពេលប្រជាពលរដ្ឋ ជួបការលំបាក ក្នុងការរកប្រាក់ចំណូល ក្នុងជីវភាពប្រចាំថ្ងៃ ពិសេស ក្នុងអំឡុងពេលនេះ ការរៀបចំឥណទានឡើងវិញនេះ គឺសម្រួលដល់ការលំហូរសាច់ប្រាក់របស់អតិថិជន ។ ឧទាហរណ៍ថា រាល់ដងអតិថិជនមានចំណូល ១៥០ដុល្លារ ត្រូវបង់ប្រចាំខែដល់គ្រឹះស្ថានចំនួន ១០០ដុល្លារ ដូច្នេះនៅពេលអតិថិជនជួបបញ្ហាណាមួយ ធ្វើឲ្យចំណូលធ្លាក់ចុះ សល់ត្រឹម ១២០ដុល្លារ ឬតិចជាងនេះ បើអតិថិជនត្រូវបំពេញកាតព្វកិច្ចបង់សងត្រឡប់ ទៅកាន់គ្រឹះស្ថានចំនួន ១០០ដុល្លារ នោះគាត់នឹងមិនមានថវិកា សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃឡើយ ។
លោកជំទាវ បន្តថា ដូច្នេះ ដើម្បីជួយសម្រួលដល់អតិថិជន កុំឲ្យមានការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ រៀបចំឥណទានឡើងវិញ ដោយធ្វើយ៉ាងណា សម្រួលឲ្យអតិថិជន បង់សងត្រឡប់មកត្រឹមចន្លោះណា ដែលអាចជួយបានទាំងជីវភាពប្រចាំថ្ងៃ និងការបំពេញកាតព្វកិច្ចបានល្អ ។ នេះជាការសម្រួលមួយ ដល់ប្រជាជន ហើយក៏ជាផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការនៅតែបន្ដចំណាយ សមល្មមរបស់អតិថិជន មានន័យថា នៅពេលអតថិជន បានរៀបចំឥណទានឡើងវិញ អតិថិជននឹងនៅសល់ថវិកា ដើម្បីចំណាយទៅកាន់កន្លែងផ្សេងទៀត នេះជាចំហាយ ទៅដល់សេដ្ឋកិច្ចជាតិទាំងមូល ។
ទន្ទឹមនេះដែរ ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ក៏បានបញ្ជាក់ប្រាប់ទៅដល់អតិថិជន ដែលស្នើសុំរៀបចំ ឥណទានឡើងវិញ កុំមានការបារម្តថា ជាប់ឈ្មោះមិនល្អ នៅក្នុងការកត់ត្រារបស់ការិយាល័យព័ត៌មានឥណទាន (CBC) ដែលជាឧបសគ្គដល់ការស្នើសុំកម្ចីលើកក្រោយ។
លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ចំពោះការកត់ត្រា ប្រវត្តិព័ត៌មាននៃការរៀបចំឥណទានឡើងវិញ របស់អតិថិជននីមួយៗនៅក្នុង CBC គឺរក្សាទុករយៈពេលតែ ១២ខែប៉ុណ្ណោះ។ ក្រោយពី១២ខែនេះទៅ ទិន្នន័យនេះ នឹងលែងមាននៅក្នុង CBC ទៀតហើយ ។ ការកត់ត្រានេះ មិនមែនចង់ពិន័យ ឬដាក់ទណ្ឌកម្មទៅ ដល់អតិថិជនណាម្នាក់មួយជីវិតនោះទេ ហេតុដូច្នេះហើយ បញ្ហានេះ មិនមែនជាឧបសគ្គក្នុងការរារាំង អតិថិជនឱ្យទៅស្នើកម្ចីថ្មីទៀតនោះទេ ។
ជាមួយគ្នានេះដែរ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (CBC) បានថ្លែងបញ្ជាក់នៅក្នុងសន្និសិទនេះ ដែរថា ជាទូទៅ ប្រវត្តិឥណទានអវិជ្ជមានរបស់អតិថិជន ដែលបានកត់ត្រា ត្រូវរក្សាទុករយៈពេល ៣ឆ្នាំ ប៉ុន្តែករណីព័ត៌មាន ស្នើសុំឥណទានឡើងវិញ គឺរក្សាទុកត្រឹមតែ ១២ខែប៉ុណ្ណោះ ដោយមិនរក្សាទុករហូតដល់ ៣ឆ្នាំឬ ៥ឆ្នាំនោះទេ ដើម្បីទុកលទ្ធភាពឱ្យអតិថិជនស្តារប្រវត្តិរបស់ខ្លួនឡើងវិញ ងាយស្រួលក្នុងការស្នើសុំឥណទានលើកក្រោយ ។
ក្នុងសន្និសីទនេះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានបង្ហាញការព្រួយបារម្ភ និងស្នើឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ តាមរយៈការផ្សព្វផ្សាយបានកើតឡើងច្រើន តាមបណ្តាញសង្គម និងការបិទប្រកាសលេខទូរសព្ទ តាមដើមឈើក្នុងទីសាធារណៈ ហើយគ្មានទីតាំងច្បាស់លាស់ជាដើម។ ជាមួយគ្នានេះ ការផ្សព្វផ្សាយពីការសន្យាដាក់លុយវិនិយោគ ទទួលបានការប្រាក់ខ្ពស់ហួសហេតុ ស្របពេលសេដ្ឋកិច្ច មិនសូវល្អ ដូចជា៖ វិនិយោគ ៣០០ដុល្លារ និងទទួលបាន ១៨០០ដុល្លារ បន្ទាប់ពី២៤ម៉ោង, វិនិយោគ ៥០០ដុល្លារ នឹងទទួលបាន ៣៥០០ដុល្លារ បន្ទាប់ពី២៤ម៉ោង, វិនិយោគ ១០០០ដុល្លារ នឹងទទួលបាន ៨៥០០ដុល្លារ បន្ទាប់ពី២៤ម៉ោង ក៏មានច្រើនផងដែរ ។
លោកជំទាវបណ្ឌិត អំពាវនាវឱ្យប្រជាជន ពិចារណាឡើងវិញ ហើយប្រសិនបើត្រូវការកម្ចី សូមឱ្យខ្ចីនៅក្នុងប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ។
ជំវិញក្ដីព្រួយបារម្ភនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងដែរថា នេះជាក្តីបារម្ភមួយ ហេតុដូច្នេះហើយ បានជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីប្រជាជន មានចំណេះដឹងគ្រប់គ្រាន់ នៅក្នុងការគ្រប់គ្រង ទាំងបំណុល និងការវិនិយោគរបស់គាត់ ។
ក្នុងសន្និសីទនេះ លោកជំទាវ ជា សិរី បានលើកឡើងដែរថា ចំពោះការវាយតម្លៃសុខភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន នៅតែមានភាពល្អប្រសើរ និងរឹងមាំ ទោះបីប្រាក់ចំណេញមានការធ្លាក់ចុះ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត