អគ្គលេខាធិការ ស្នើមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តសកម្មភាពចុះសួរសុខទុក្ខនិវត្តជនយើង និងបន្តជួយគាំទ្រផ្នែកស្មារតី និងសម្ភារៈ តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិលើកទី២៦» ១តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បាននាំពាក្យពេជន៍ផ្តាំផ្ញើសួរសុក្ខទុក្ខ និងការនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពរបស់លោកពូ អ្នកមីង និងបងៗ ដែលជានិវត្តជនធ្លាប់បម្រើការងារនៅព្រឹទ្ធសភាយើង ក៏ដូចប្រជាពលរដ្ឋរបស់កម្ពុជាយើងនៅទូទាំងប្រទេស ។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់បន្ថែមអំពីអត្ថន័យនៃការប្រារព្ធរៀបចំទិវានេះឡើង របស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណងចូលរួមចំណែកជាមួយនឹងក្នុងលើកកម្ពស់កិច្ចគាំពារឱ្យមានប្រសិទ្ធិភាព និងសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ជាពិសេសក៍ជាទិវារំលឹកគុណដល់បុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើងនៅក្នុងគ្រប់ស្រទាប់នៅក្នុងសង្គមជាតិ ដែលបានបន្សល់ទុកនូវកេរមរតក សមិទ្ធផល ស្នាដៃសម្បូណ៌បែប ដែលបានផ្តល់ជាចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ ។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានស្នើសុំឱ្យមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តសកម្មភាពចុះសួរសុខទុក្ខ បន្តរក្សាទំនាក់ទំនងឱ្យបានល្អ ជិតស្និទ្ធជាមួយនឹងនិវត្តជនយើង និងបន្តជួយគាំទ្រផ្នែកស្មារតី និងសម្ភារៈ តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន តាមរយៈស្ថាប័ន ក៏ដូចការរួមចំណែកតាមគ្រប់រូបភាព ដែលការណ៍នេះ នឹងរួមចំណែកដល់កិច្ចខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ក្នុងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន និងក្នុងនាម ឯកឧត្តមផ្ទាល់ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណដល់និវត្តជន និងមន្រ្តីរាជការវ័យចាស់ ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានទាំងអស់ដែលបានរួមចំណែក និងកំពុងតែបំពេញកិច្ចការងារលើគ្រប់វិស័យបម្រើស្ថាប័នព្រឹទ្ធសភា អស់ពីកម្លាំងកាយចិត្ត ក្នុងន័យបុព្វហេតុជាតិ មាតុភូមិ។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បាននាំយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោប្រធាន ព្រឹទ្ធសភា និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ជូនលោកពូ អ្នកមីង បងៗជានិវត្តន៍ជនចំនួន ៨៦នាក់ ក្នុងម្នាក់ៗចំនួន ១៥ម៉ឺនរៀល និងមន្រ្តីរាជការវ័យចំណាស់ចំនួន ៧៦នាក់ ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល ព្រមទាំងវត្ថុអនុស្សាវរីយជាសៀវភៅនិទានុលេខ៍ ១ក្បាល និងបំពង់ទឹកក្តៅ ១ ។ បន្ទាប់មក ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និវត្តន៍ជន និងមន្រ្តីវ័យចាស់ បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ