អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ KEITI ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ KEITI កាលពីសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ ទាក់ទិននឹងការផ្តល់ជំនួយបច្ចេកទេស ក្នុងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅខេត្តព្រះសីហនុ ខណៈបញ្ហាសំណល់រឹង កំពុងជះឥទ្ធិពលអវិជ្ជមានដល់សោភណ្ឌភាពខេត្ត។ លោកស្រី បានគូសបញ្ជាក់ថា គោលបំណងជំនួបនេះគឺ ដើម្បីខេត្តព្រះសីហនុក្នុងការធ្វើឱ្យប្រសើរឡើងដោយចីរភាពផ្នែកហិរញ្ញវត្ថុ និងបរិស្ថាន លើការគ្រប់គ្រងកាកសំណល់រឹង និងថង់ប្លាស្ទិក។ លោកស្រីបានបញ្ជាក់ថា ក្រៅពីខេត្តព្រះសីហនុ ក្រុមការងាររបស់លោកស្រីក៏បានសហការជួយកិច្ចការនេះ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ផងដែរ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្របពេលមានកំណើននៃកាវិនិយោគនាពេលបច្ចុប្បន្នយ៉ាងគំហុក បានធ្វើឱ្យបរិមាណសំរាម ក៏មានការកើនឡើងផងដែរ។ បញ្ហានេះបានក្លាយជាកង្វល់មួយដែលរបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ដោះស្រាយយ៉ាងសកម្មរាល់ថ្ងៃ។ លោកបាននញ្ជាក់ថា ក្រុងព្រះសីហនុ បច្ចុប្បន្ន បរិមាណសំរាម មានពី៤០០ ទៅ៥០០ តោនក្នុងមួយថ្ងៃ ដោយមិនទាន់គិតអំពីកាកសំណល់ការដ្ឋានសំណង់ផង។
គួរបញ្ជាក់ថា បញ្ហាសំរាមនៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ពុំទាន់មានការគ្រប់គ្រងឲ្យបានប្រសើរនៅឡើយ។ គំនរសំរាមត្រូវបានគេគរទុកចោលយូរថ្ងៃរហូតធំក្លិនស្អុយ(នៅកន្លែងខ្លះ) ដោយសារក្រុមហ៊ុនប្រមូលសំរាមមិនបានមកយកឲ្យបានទានន់ពេលវេលាទេ បើទោះជារដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការបែងចែករថយន្ត និងកម្មករប្រមូលសំរាមឲ្យទទួលខុសត្រូវតាមឃុំ/សង្កាត់យ៉ាងក្តី។
ករណីនេះបានបណ្តាលឲ្យមហាជនរអ៊ូរទាំផងដែរ។ ទោះជាបែបនេះក្តី លោក ជាវ វិជ្ជាក់ បានបង្ហាញសុទិដ្ឋិនិយមថា បញ្ហាសំណល់រឹង (សំរាម)នាពេលបច្ចុប្បន្ន នឹងត្រូវបានដោះស្រាយបាននៅពេលខាងមុខ តាមរយៈការបង្កើនការគ្រប់គ្រង និងប្រមូលសំរាមដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់មូលដ្ឋាន និងមានការគាំទ្រពីថ្នាក់ជាតិផងដែរ៕ធ.ដ