អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ មន្រ្តីនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ មិនអាចបម្រើការងារជាមន្រ្តីនគរបាលបានភ្លាមនោះទេ លុះត្រាតែឆ្លងកាត់វគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈ នគរបាលបានជោគជ័យសិន

អត្ថបទដោយ៖
Kien Sereyvuth

អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ជាក់ថា មន្រ្តីនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ មិនអាចបម្រើការងារជាមន្រ្តីនគរបាលបានភ្លាមនោះទេ លុះត្រាតែឆ្លងកាត់វគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈ នគរបាលបានជោគជ័យសិន។ នេះប្រសាសន៍លើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានថ្លែង នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនសិស្សដល់នាយនគរបាល និងនាយនគរបាលរងក្របខ័ណ្ឌថ្មីចំនួន១៣៧នាក់ (នារី៣៧នាក់) សិក្សារយៈពេល៤ខែ នៅសាលានគរបាលភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូន ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលវានវិញ្ញាបនបត្រសិក្សា និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា លុះត្រាទទួលបានជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន បានលើកឡើងថា ក្រោមយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត រយៈពេល៤ឆ្នាំ ២០១៥ដល់២០១៩ និងកម្មវិធីកំទម្រង់លើការងារសំខាន់ៗរួមមាន ការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យនិស្សិតសិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឲ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឲ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍហេដ្ឋារេចនាសម្ព័ន្ធ សម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការពង្រីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងបានឆ្លើយតប ទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កម្លាំងនគរបាលជាតិ។

ឯកឧត្តម បានណែនាំមួយចំនួនដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង គ្រប់រូបត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ដោយធ្វើស្វ័យសិក្សាទាំងទឹស្តី និងការអនុវត្តជាក់ស្តែង .មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពីព្រោះបណ្ឌិត្យសភានគរបាលកម្ពុជា មិនមានការយល់យោគ ឬលើលែង ចំពោះសិស្សដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាតាមកម្មវិធីអប់រំ។ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ រៀនឲ្យចេះ មិនមែនរៀនឲ្យចប់ ហើយគុណភាពមិនអាចសម្របសម្រួលបានឡើយ អ្នកដែលមិនទទួលបានជោគជ័យក្នុងការសិក្សា នឹងមិនត្រូវផ្តល់វិញ្ញាបនបត្រ និងមិនត្រូវបានប្រកាសតាំងស៊ប់នោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner