តម្លៃស្រូវនៅតាមបណ្តាខេត្តជាជង្រុកស្រូវ នៅតែរក្សាបានស្ថេរភាពបានល្អប្រសើរ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលានេះ បង្ហាញថា តម្លៃស្រូវនៅតាមរោងម៉ាស៊ីន ដែលរោងម៉ាស៊ីនបានទិញគឺ តម្លៃនៅរក្សាបានស្ថេរភាពល្អនៅឡើយ ពោល កសិករលក់នៅអាចលក់ទទួលផលចំនេញនៅឡើយ ខុសពីតម្លៃមុនភ្ជុំបិណ្ឌកន្លងទៅ។ ជាក់ស្តែងស្រូវស្រង៉ែវិញ រោងម៉ាស៊ីន ភូ ពុយ ទិញ ក្នុងតម្លៃ ១០៥០ រៀល ដែលកាលមុនភ្ជុំបិណ្ឌតម្លៃ ១០៨០ រៀល ក្នុង១គីឡូក្រាម ។ សម្រាប់រោងម៉ាស៊ីន ភូ កុកគី ស្រូវសែនក្រអូបទិញនៅរោងម៉ាស៊ីន ក្នុងតម្លៃ ១១៥០រៀល ស្រូវស្រង៉ែ ទិញតម្លៃ ១១៥០រៀល ។
គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងសហការី កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះបានអញ្ជើញចុះ ពិនិត្យតម្លៃស្រូវនៅរោងម៉ាស៊ីន ភូ ពុយ នៅ ស្រុកបវិល ខេត្តបាត់ដំបង និងចុងក្រោយ រោងម៉ាស៊ីន ភូកុកគី ស្ថិតនៅខេត្តពោធិ៍សាត់។
ជាមួយនិងការអញ្ជើញចុះ ពិនិត្យផ្ទាល់របស់ ឯកឧត្តមបណ្ឌិត គឺ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទិញស្រូវនៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវនៅតាមជុំវិញ បឹងទន្លេសាប ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ រួមមាន នៅខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្របពេលដែលកសិករកំពុងតែប្រមូលផលស្រូវ OM 5451 ស្រូវស្រង៉ែ ស្រូវសែនក្រអូបផងដែរ។
សូមជម្រាបថា ក្រោយការពិនិត្យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញ ចូលរួមកិច្ចប្រជុំជាមួយរោងម៉ាស៊ីន ក្នុងតំបន់ បាត់ដំបង បន្ទាយមានជ័យ និង ពោធិ៍សាត់ ដើម្បីតាមដានស្ថានភាពស្រូវអង្កររវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ៕
ដោយ ៖ ង៉ាន់ ទិត្យ