កម្ពុជា-ចិន បង្ហាញពីកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអធិការកិច្ច
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាការងារនៃទំនាក់ទងវិស័យអធិការកិច្ច រវាងប្រទេសទាំង២កម្ពុជា-ចិន នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅទីស្តីការក្រសួង។
ឯកឧត្តម សុខ សូកេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន មកកាន់ទីស្តីការក្រសួងអធិការកិច្ចដើម្បីជួបពិភាក្សាការងារ និងបានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក អំឡុងពេលដែល ឯកឧត្តមរដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីបេសកកម្ម ចក្ខុវិស័យ និងផែនការសកម្មភាពសំខាន់ៗ របស់ក្រសួងអធិការកិច្ច ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក៏បានជម្រាបបន្ថែមជូនភាគីភ្ញៀវអំពីភារកិច្ចចំពោះមុខ មួយចំនួនដែលត្រូវអនុវត្ត ដោយឈរលើមូលដ្ឋាននៃធនធានមនុស្ស មូលដ្ឋានសម្ភារៈ និងសមិទ្ធិផលដែលមានស្រាប់ ដោយត្រូវមានការចូលរួមពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងដៃគូនានា លើការងាររៀបចំកសាងអនុក្រឹត្យថ្មី លិខិតបទដ្ឋានគតិយុត្តនានា ឱ្យស្របនឹងច្បាប់ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះ ក្រសួងអធិការកិច្ច រួមនឹងការរៀបចំច្បាប់អធិការកិច្ចឱ្យរួចរាល់ក្នុងឆ្នាំ២០២៤ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅ សម្រេចបានជោគជ័យ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាការកែទម្រង់មួយសម្រាប់អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម។
បន្ទាប់ពីភាគីទាំងពីរបានរំលេចនូវសមិទ្ធផលដែលសម្រេចបានរួមគ្នា លើគ្រប់វិស័យដែលបានកើតចេញ ពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញនិងអភិវឌ្ឍន៍សហគមន៍ ជោគវាសនារួមក្នុងយុគសម័យថ្មី រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីផែនការយុទ្ធសាស្ត្រសំខាន់ៗ ក្នុងវិស័យអធិការកិច្ចរបស់កម្ពុជាចំនួន៨ រួមមាន៖
(១) ការពង្រឹងសមត្ថភាពស្ថាប័ន
(២) ការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស
(៣) ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន
(៤) ការពង្រឹងប្រសិទ្ធភាព នៃការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល
(៥) ពង្រឹងសមត្ថភាពអធិការកិច្ចរបស់ស្ថាប័ន
(៦) អប់រំផ្សព្វផ្សាយច្បាប់ និងដោះស្រាយពាក្យបណ្ដឹង
(៧) ជំរុញកិច្ចសហការ និងភាពដៃគូជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូសំខាន់ៗនានា ក្នុងគោលបំណង ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីប្រសិទ្ធភាព នៃការអនុវត្តច្បាប់
(៨) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាព នៃប្រតិបត្តិការអធិការកិច្ច និងការទទួល ពាក្យបណ្ដឹង ដោះស្រាយបណ្តឹង។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវការគាំទ្រពេញទំហឹងទៅនឹងការងារអាទិភាព ខាងលើ និងបានសម្តែងនូវកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលទើបមកកាន់តំណែង ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះប្រៀបបាននឹងរយៈពេលពីរឆ្នាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម
រដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបពិភាក្សាការងារ និង ស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអធិការកិច្ច និងបានចែករំលែកពី បទពិសោធន៍របស់សាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនីស្តចិន លើការងារអភិបាលកិច្ច ដែល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស កុម្មុយនីស្តចិន ឈានទៅសម្រេចដល់គោលបំណង ១០០ឆ្នាំ របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០៤៩។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេស ទាំងពីរ និងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីវិស័យអធិការកិច្ចចិន ដែលមានទិសដៅស្របគ្នាទៅនឹង វិស័យអធិការកិច្ចកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចែករំលែកបទពិសោធន៍ជូន ឯកឧត្តម រដ្ឋមន្ត្រី អំពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការពង្រឹងស្ថាប័ន និងការប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសចិនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអធិការកិច្ច។
ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពគ្នា ក្នុងការជំរុញឱ្យមាន ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យអធិការកិច្ច រវាងក្រសួង អធិការកិច្ច និងគណៈកម្មាធិការជាតិត្រួតពិនិត្យចិន នាពេលឆាប់ៗខាងមុខ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ជាពិសេសទំនាក់ទំនងកាន់តែស្អិតរមួតរវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ៕