ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប
(សៀមរាប)៖ ថ្លែងទៅកាន់អាជ្ញាធរខេត្តសៀមរាប តំណាងដោយ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (Habitat for Humanity International-Cambodia) អង្គការរក្រុមការងារពង្រឹង និងអភិវឌ្ឍសហគមន៍ (Community Empowerment and Development Team (CEDT) ) ព្រមទាំងក្រុមហ៊ុន Agent21 Global ដែលជាអង្គការ និងក្រុមហ៊ុនដៃគូ ឯកឧត្ដម សេង ថានី បញ្ជាក់ថា ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។
ការលើកឡើងរបស់ ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង សហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម បន្តថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ឯកឧត្តម បន្ថែមថា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់អាទិភាពគន្លឹះចំនួន ៥រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ” ក្នុងនោះក្រសួងបានរៀបចំគោលនយោបាយអាទិភាពចំនួន ១៥ចំណុច ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន ការផ្តល់សេវាលើវិស័យដីធ្លីនិងសំណង់ ការងារចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការរៀបចំដែនដី និងនគរូបនីយកម្ម ការងារលំនៅឋាន និងសម្បទានសង្គមកិច្ច ការងារកសាងនិងពង្រឹងសមត្ថភាពមន្ត្រី និងការអភិវឌ្ឍសា្ថប័ន និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល។ ឯកឧត្តម ក៏បានជំរុញដល់មន្ទីររៀបចំដែនដីខេត្តទាំង១២ ធ្វើការប្រមូលចងក្រងទិន្នន័យលំនៅឋាន និងកសាងផែនទីស្តីពីរបាយលំនៅឋាន ទាំងលំនៅឋានទូទៅ លំនៅឋានតម្លៃសមរម្យ និងលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីលំនៅឋានមួយដែលងាយគ្រប់គ្រង និងងាយប្រើប្រាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ក្រុមហ៊ុនAgent21 ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនពិតជាមានបំណង និងចក្ខុវិស័យអភិវឌ្ឍន៍លំនៅឋាន ដែលតម្លៃសមរម្យសម្រាប់មន្រ្តីរាជការ អ្នកទើបរៀបអាពាហ៍ពិពាហ៍ និងប្រជាពលរដ្ឋ ដែលខ្វះលំនៅឋាន ព្រមទាំងគ្រួសារមានប្រាក់ចំណូលមធ្យម និង ទាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០៕
ដោយ ៖ ង៉ាន់ ទិត្យ