បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងយុទ្ធដំណើរទ័ព
កំពង់ធំ៖បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៃយោធភូមិភាគទី ៤ កាលពីថ្ងៃទី១០ ខែតុលាបានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយុទ្ធវិធី និងយុទ្ធដំណើរទ័ព សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន បន្ទាប់ពីបានហ្វឹកហាត់រយៈពេល ៩១ ថ្ងៃ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហាត់ បានរាយការណ៍លទ្ធផលហ្វឹកហាត់រយៈពេល ៩១ ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន ១០០ នាក់។ ក្នុងពេលយុទ្ធដំណើរទ័ពមានកងកម្លាំងបន្ថែមចំនួន ១៨០ នាក់ ចូលរួមដាក់ហ្វឹកហាត់ ។
បន្ទាប់ពីបិទវគ្គហ្វឹកហាត់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចចាំបាច់ទៅកងទ័ពដើម្បីបន្តការពារទប់ស្កាត់ការបំពានធនធានធម្មជាតិ និងរួមគ្នាជួយសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយ និងការពារភូមិ ឃុំ ឱ្យមានសុវត្ថិភាពតាមគោលនយោបាយរាជរដ្ឋាភិបាល៕
ដោយ៖ ប៊ុន រដ្ឋា