អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថា​សមត្ថកិច្ច​ចាប់ខ្លួនអ្នកសារព័ត៌មាន, តាមពិតគឺចាប់ខ្លួនអ្នកប្រព្រឹត្តបទ​ល្មើស​ព្រហ្ម​ទណ្ឌប៉ុណ្ណោះ!

ភ្នំពេញ៖​ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​បានថ្លែងថា ក្រសួងមហាផ្ទៃសូមគាំទ្រទៅលើសារព័ត៌មានទាំងឡាយណា​ដែលមានក្រមសីលធម៌វិជ្ជាជីវៈ គោរពទៅតាមច្បាប់ជាតិ និងច្បាប់អន្តរ​ជាតិ។ រីឯការចាប់ខ្លួន ឃុំខ្លួន ឬចោទប្រកាន់ គឺសមត្ថកិច្ចអនុវត្តតែទៅលើបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ គ្មានឡើយអ្នកសារព័ត៌មានដែលអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ជាតិ អន្តរជាតិត្រឹមត្រូវ បែរជារងនូវការឃាត់ឬចាប់ខ្លួននោះទេ។

បណ្ឌិត ទូច សុឃៈ បានអំពាវនាវដល់តួអង្គជាតិ អន្តរជាតិ អ្នក​វិភាគ ឬបណ្តាប្រទេសផ្សេងៗ ក្រឡេកទៅមើលការអនុវត្ត​តួនាទី​របស់​អ្នកសារព័ត៌មានឱ្យបានហ្មត់ចត់ ជាក់លាក់ដោយផ្អែកទៅលើ​ទិដ្ឋ​ភាព​ច្បាប់អន្តរ ជាតិ និងជាតិ ដែលមានចែង។ ប្រសិនបើអ្នកសារព័ត៌មាន​គ្មាន​វិជ្ជាជីវៈ ឬក្រមសីលធម៌ កើតមាននៅក្នុងប្រទេសរបស់ខ្លួន តើបណ្តា​ប្រទេសទាំងនោះបណ្តែតបណ្តោយឬទេ? លោកជឿជាក់ថា ត្រង់នេះ​បណ្តាប្រទេសទាំងនោះនឹងចាប់ខ្លួនមិនអាចបណ្តែតបណ្តោយនោះឡើយ។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីរបបសារព័ត៌មាន «សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយឬផ្សាយបន្តព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សិន្តសុខជាតិ និងស្ថេរភាពនយោបាយ។ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃមានសិទ្ធិប្រមូលយកអត្ថបទល្មើស និងសារព័ត៌មានលេខចេញផ្សាយអត្ថបទល្មើសដែលចេញផ្សាយដោយសារព័ត៌មាននោះ។ ក្រសួងមានសិទ្ធិផ្អាកការផ្សាយក្នុងរយៈពេលមិនហួសពីសាមសិបថ្ងៃ( ៣០ថ្ងៃ) ហើយបញ្ជូនសំណុំរឿងទៅតុលាការ»៕
ដោយ៖ពលជ័យ

ads banner