សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ។ ក្នុងនាមជាសមាជិក WTO កម្ពុជា មានសិទ្ធិទទួលបានប្រព្រឹត្តកម្ម «ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់ ។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍បន្ថែមដូចជា «ប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SD&T)» និង «ច្រកទីផ្សារ ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)» ក៏ដូចជាវិធានការអនុគ្រោះ មួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឲ្យបានពេញ​លេញរបស់​សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ។

ទន្ទឹមនឹងនោះដែរ កម្ពុជា ក៏ទទួលបាននូវជំនួយពីសមាជិក WTO និងអង្គការអន្តរជាតិនានា សម្រាប់ការពង្រឹង និងការធ្វើកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់ទាំងឡាយដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឲ្យកម្ពុជា មានសមត្ថភាពទាញយកផលប្រយោជន៍ជាអតិបរិមាពី WTO។

លោកជំទាវ ចម និមល បានបញ្ជាក់ថា តាមរយៈផលប្រយោជន៍ទាំងនោះ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ ១៖ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ៥,៣ពាន់លានដុល្លារអាមេរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់២៩,៦១ពាន់លានដុល្លារសហរដ្ឋអាមេរិក, ២៖ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១.៦ភាគរយ ពី៦០% ក្នុងឆ្នាំ២០០០ មកត្រឹម១៦% ក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង ជាង៧ភាគរយក្នុងមួយឆ្នាំ។

កំណើនដ៏ខ្ពស់នេះ បានធ្វើឲ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅ ឆ្នាំ២០១៥, ៣៖ ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារអាេមរិក នៅឆ្នាំ២០០០ រហូតដល់៤.៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣, ៤៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤.៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់៤៧,៨៨ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ​២៣,៤​៧ពាន់លានដុល្លារអាមេរិក, ៥៖ ទំនិញនាំចេញរបស់កម្ពុជាត្រូវធ្វើ​ពិពិធកម្មជាបន្តបន្ទាប់ ដោយបន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញ​នាំចេញចម្បង កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែម ដូចជា អង្ករ សម្ភារៈ ធ្វើដំណើរ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គំ និងកង់ ព្រមទាំង​ផលិតផលជាច្រើនទៀត ។ ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗ​របស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ដែលមានតម្លៃប្រមាណ ៧,៨ពាន់លាន​ដុល្លារអាមេរិក, អង្ករ១,៧២ពាន់លានដុល្លារអាមេរិក, សម្ភារៈធ្វើដំណើរ ១,៦ពាន់លានដុល្លារអាមេរិក, ស្បែកជើង និងស្រោមជើង ១,៣៦ពាន់​លានដុល្លារអាមេរិក, គ្រឿងអេឡិចត្រូនិក និងភាគបង្គំ ៣,១២ពាន់​លាន​ដុល្លារអាមេរិក និងកង់៤១៧លានដុល្លារអាមេរិក និង ៦៖ កម្ពុជាត្រូវបាន​គណៈកម្មាធិការ​គោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្តល់​អនុសាសន៍​ឲ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner