អភិបាលរងខេត្ត៖បរិវត្តកម្មឌីជីថល ផ្តល់ភាពងាយស្រួលជាច្រើន ជូនដល់មនុស្សចាស់

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីអបអរសាទរ​ខួប​លើកទី២៦ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ​១តុលា២០២៤ ក្រោមប្រធានបទ៖ មនុស្សចាស់ក្នុង​បរិវត្តកម្មឌីជីថល នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤នេះ​​ក្រោមអធិបតីភាពលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង ។

ពាក់ព័ន្ធនឹងប្រធានបទខាងលើលោកស្រី កែវ ដាណា អភិបាលរងបាន​គូសរំលេចថា ក្នុងបរិវត្តកម្មឌីជីថលពិតជាបានផ្តល់ភាព ងាយស្រួលជា​ច្រើន ជូនដល់មនុស្សចាស់ ដែលខ្វះសមត្ថភាពក្នុងការធ្វើបម្លាស់ទី ,ខ្សោយការចងចាំ ,ខ្សោយភ្នែក,ខ្សោយ ត្រចៀក និងជួបបញ្ហាឯកា ជាដើម.. ។ ជាពិសេសមនុស្សវ័យចាស់រស់នៅឆ្ងាយពីកូនចៅដែល​ចំណាកស្រុក ដើម្បីធ្វើការងាររកចំណូល ហើយបានទុក​ឪពុក​ម្តាយ​ចាស់ជរាឱ្យរស់នៅម្នាក់ឯង។ប៉ុន្តែប្រព័ន្ធបច្ចេកវិទ្យានេះបាន​ជួយដោះ​ស្រាយ បញ្ហាដល់មនុស្សវ័យចាស់ឱ្យទទួលបាននូវអារម្មណ៍ និងភាព​កក់ក្ដៅឱ្យប្រសើរឡើងវិញ ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បី​ទំនាក់ទំនងក្នុងសង្គម អាចសួរសុខទុក្ខ អាចប្រាស្រ័យជាមួយនឹង​ការងារមួយចំនួនទៀតដែលអាចធ្វើឱ្យឪពុកម្ដាយ ហាក់មានអារម្មណ៍​ថាពួកគាត់កំពុងតែនៅជិតឬនៅជាមួយ នឹងកូនចៅរបស់ពួក​គាត់ផ្ទាល់បានយ៉ាងងាយស្រួល។

ថ្លែងក្នុងពិធីនេះ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង បានឡើងអាន សារលិខិតសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បី​មនុស្ស​​ចាស់ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរ​ជាតិ​ថ្ងៃទី១ ខែតុលា សម្រាប់ឆ្នាំ២០២៤ នេះ ។

សម្រាប់ទិវាមនុស្សចាស់ឆ្នាំនេះដែរ លោក ភួង សិទ្ធិ ប្រធានមន្ទីរ​សង្គម​កិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបាត់ដំបងបាន​រៀប​ចំ​​ជា​កញ្ចប់ថវិកាមួយចំនួន និងភួយសម្រាប់ចែកជូនដល់មនុស្ស​ចាស់​ជាង​១០០នាក់ដែលបានអញ្ជើញចូលរួម៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner