អ្នកជំនាញកំពុងធ្វើការជួសជុលប្រាសាទនាគព័ន្ធ ឱ្យមានសោភ័ណភាពដូចសភាពដើមឡើងវិញ

ភ្នំពេញ៖ គម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរឡើងវិញនោះកំពុងបានសម្រុកធ្វើដើម្បីសំដៅធ្វើយ៉ាងណាឱ្យប្រាសាទបុរាណដ៏ល្អឯករបស់ខ្មែរមួយនេះមានសភាពល្អដែលជាទីទាញភ្ញៀវទេសចរ។

អ្នកបុរាណវិទូ លោក ជា សារិទ្ធ ឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។

លោកថាក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។

គួរបញ្ជាក់ថារចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។
ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងដែរថាចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។ក្នុងនេះឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។
ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលទបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។

នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤ និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាល និងជណ្ដើរថ្មបាយក្រៀមផងដែរ។

នាពេលបច្ចុប្បន្ននេះដែរក្រុមអ្នកជំនាញរបស់នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងប្រឹងប្រែងលើការងារជួសជុលជាច្រើននៃប្រាសាទបុរាណខ្មែរដែលទទួលរងការខូចខាតដោយសារកត្តាអាយុកាល ធម្មជាតិនាកន្លងមក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner