សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីជាតិនិយមដែលជ្រុលនិយមឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ស្មារតីជាតិនិយមដែលជ្រុលនិយម គឺជាគ្រោះថ្នាក់ ជាពិសេសការប្រមូលផ្ដុំគ្នាប្រឆាំងរដ្ឋអំណាច ប្រឆាំងរដ្ឋាភិបាល ដែលនេះ ជាអំពើជ្រុលនិយម ដែលឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ ដូចជាករណីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ បើសិនជាមិនអាចបង្ក្រាបទាន់ពេលស្ថានភាពនោះ អាចឈានទៅដល់ការបង្កអស្ថិរភាពជាតិឡើងបាន។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នឹងប្រព្រឹត្តិទៅនៅទីបញ្ជាការកងពលតូចលេខ៧០ កងទ័ពជើងគោក។
សម្ដេចធិបតីបានសង្កត់ធកងន់ថា សន្ដិភាព មានតម្លៃដូចគ្នា សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ជំនាន់ ពីព្រោះបើសិនជាយើងបាត់សន្ដិភាពនោះប្រទេសជាតិ នឹងមានគ្រោះថ្នាក់ធំ។ គុណតម្លៃនៃសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ប្រវត្តិសាស្រ្តរបស់កម្ពុជា បានបញ្ជាក់អំពីតួនាទីរបស់កងទ័ព ជាពិសេសក្នុងដំណាក់កាលសង្គ្រាម ក្នុងនោះបើគ្មានកងទ័ពក៏គ្មានការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ហើយបើគ្មានកងទ័ពក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ ដូច្នេះកងទ័ពបានដើរតួនាទីសំខាន់ណាស់ ក្នុងការរក្សាសន្ដិភាព និងនិរន្តរភាពជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកងកម្លាំងកងទ័ពទាំងអស់ដែលមានស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ សម្ដេចធិបតីអំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ជាបន្តទៅទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងការពារជាតិ តាមដានស្ថានការណ៍ឱ្យជាប់ចំពោះសង្គ្រាមនៅប្រទេសលីបង់ ខណៈកងទ័ពមួកខៀវរបស់កម្ពុជា ក៏កំពុងមានវត្តមាននៅទីនោះផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំទៅដល់ឪពុកម្ដាយនិស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង២២០នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត