ក្លឹបកីឡាប្រណាំងទូក ពោធិ៍មង្គល ធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ សេចក្ដី ចំរើន មុននឹង ចូលរួមប្រណាំង អបអរបុណ្យចេញព្រះវស្សា នៅខេត្តកណ្ដាល
ខេត្តកណ្ដាល៖ គណៈកម្មការគ្រប់គ្រងទូកក្លឹប ពោធិ៍មង្គល បានរៀបចំពិធី ក្រុង ពាលី ដើម្បីសុំសេចក្ដីសុខសេចក្ដីចំរើន ពិសេសសូមឲ្យទទួលបានជោគជ័យ ក្នុង ការប្រកួតប្រជែងនៃ ព្រឹត្តិការណ៍ ប្រណាំងទូក អបអរពិធីបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ និង ១៨ ខែ តុលា ឆ្នាំ២០២៤ នៅដងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល និងការប្រកួតប្រជែងជាច្រើនទៀត នៅក្នុងឆ្នាំ២០២៤ ។
ពិធីនេះបានធ្វើឡើងនៅភូមិ ពោធិ៍មង្គល ក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាលដោយមានការចូលរួមពី លោកស្រី សូត គិរីកញ្ចនា អភិបាលរង ស្រុក ពញាឮ លោកស្រី ប្រាក់ សុភា ប្រធានគណៈកម្មការដឹកនាំ និង ទ្រទង់ទូក អាជ្ញាធរដែនដី ព្រមទាំងកីឡាករ ចំណុះទូកពេជ្រ កុមារសែនជ័យ ផងដែរ ។
លោកស្រី ប្រាក់ សុភា ប្រធានគណៈកម្មការ ទូកក្លឹប ពោធី៍មង្គល បានឲ្យដឹងថា ទូកប្រពៃណីខ្នាតអន្ដរជាតិ១ គ្រឿង ឈ្មោះ ពេជ្រ កុមារសែនជ័យ ចំណុះ ២២នាក់ និងកីឡាករបំរុង៦នាក់ នឹងត្រូវបញ្ជូនទៅចូលរួមប្រណាំងក្នុងពិធីអបអរបុណ្យ ចេញព្រះវស្សា នៅខេត្តកណ្ដាល រយៈពេល២ថ្ងៃគឺ នៅថ្ងៃទី១៧ និង ១៨ ខែតុលា ឆ្នាំ២០២៤ ។ លោក ស្រីបានឲ្យដឹងដែរថា បន្ទាប់ពីចូលរួមប្រកួត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ទូក ក្លិបពោធិ៍មង្គល នឹងបន្ដ ទៅប្រកួត នៅតាមបណ្ដាខេត្ត ១ចំនួន ទៀត ក្នុងនោះ ត្រៀមចេញទៅប្រណាំងប្រកួត នៅខេត្តតាកែវ រួចបន្ដទៅ ខេត្តសា្វយ រៀង ហើយចុងក្រោយទៅចូលរួមប្រកួតនៅខេត្តសៀមរាប ក្នុងឱកាស នៃព្រះរាជ ពិធីបុណ្យអុំទូកតែម្ដង។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ប្រាក់ សោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអភិបាលស្រុកពញាឮ ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់ក្លឹបទូកពោធិ៍មង្គល ព្រែកតាទែន ជាក់ស្ដែងក្នុងការទៅចូលរួមលើកនេះ លោក អភិបាលស្រុកពញាឮ បានឧបត្ថម្ភសម្ភារៈ ឯកសណ្ឋាន ភេសជ្ជៈគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា១ចំនួន ដល់កីឡាករយើងផងដែរ ដែលនេះគឺជាការលើកទឹកចិត្តដ៏សំខាន់ ឲ្យកីឡាករកាន់តែ មានឆន្ទៈមោះមុតក្នុងការប្រកួត ។
មានប្រសាសន៍សំណេះ សំណាល ជាមួយ កីឡាករចំណុះទូក លោកស្រី សូត គិរីកញ្ចនា បានណែនាំដល់ចំណុះទូកទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជានៃការប្រកួត និងត្រូវខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវជ័យជំនះ និង កិត្តិយស មកជូនក្លឹបសមាគម របស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុពញាឮ យើងផងដែរ ។ ជាមួយនេះត្រូវចេះថែទាំសុខភាព ចេះថែរក្សាបរិស្ថានអនាម័យឲ្យបានល្អ តាមកន្លែងស្នាក់នៅរបស់ខ្លួន ដើម្បីសុខមាលភាព និង សោភ័ណភាពក្នុងមូលដ្ឋានរបស់យើង ។ជាពិសេសទៀតនោះ ចេះរួមសាមគ្គីគ្នាជាធ្លុង១ ព្រោះថាកត្តាសាមគ្គីនឹងនាំឲ្យយើងទទួលបាននូវជ័យជំនះ។
គួររំលឹកថា ទូកប្រណាំង របស់ក្លឹបពោធិ៍ មង្គល ជារៀងរាល់ឆ្នាំ ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍ ជាច្រើន ព្រមទាំងដណ្ដើមបានមេដាយជាបន្ដបន្ទាប់ ពុំដែលអាក់ខានឡើយ។ដូចជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ការប្រណាំងនៅខេត្តស្វាយរៀង កម្មវិធីបុណ្យទន្លេ និងការប្រណាំង ក្នុងឱកាសនៃព្រះរាជ ពិធីបុណ្យ អុំទូកនៅខេត្តសៀមរាប ជាដើម ៕
ថត ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ






