ឯកឧត្តម លាង មុនីរិទ្ធ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ចេញនូវគោលនយោបាយអាទិភាព ចំនួន៥ “ផ្លូវ ទឹក ភ្លើង មនុស្ស និងបច្ចេកវិទ្យា”
(ភ្នំពេញ)៖ ឯកឧត្តម លាង មុនីរិទ្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន “ផ្លូវ ទឹក ភ្លើង មនុស្ស និងបច្ចេកវិទ្យា” ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលា ស្តីពី “បដិវត្តកម្មបញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា” នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
ឯកឧត្តម លាង មុនីរិទ្ធ មានប្រសាសន៍បន្ថែមថា សិក្ខាសាលានេះរៀបចំឡើងស្របពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែជំរុញការអនុវត្តគោលនយោបាយផែនការ និងយុទ្ធសាស្រ្តគន្លឹះនៃការកសាង ផែនការប្រើប្រាស់ដី ផែនការអភិវឌ្ឍរៀបចំទីក្រុងថ្មី អភិវឌ្ឍទីក្រុងចាស់ឡើងវិញ ការកសាងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ ផែនការអភិវឌ្ឍការគ្រប់គ្រងវិស័យសំណង់ និងលំនៅឋាន ។ ហើយមានគោលបំណងសំខាន់ចំនួន ៤ ÷
១-ជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងដំណើវិវត្តនៃបដិវត្តកម្ម បញ្ញាសម្បនិមិត្ត(AI) និងពាក់ព័ន្ធនឹង តួនាទី ភារកិច្ច នៃរដ្ឋាភិបាល និងប្រជាជន
២-បទពិសោធន៍នៃការប្រើប្រាស់ AI ក្នុងការបង្កើតឬឆ្នៃប្រឌិតគំនិតថ្មីៗ នៅទីក្រុងហុងកុង
៣-ករណីការសិក្សាសាកល្បងពីការកែលម្អរហេដ្ឋារចនាសម្ពន្ធ័ទីក្រុងដោយប្រព័ន្ធបច្ចេក វិទ្យាថ្មី AI នៅតំបន់មហាវិថីព្រះនរោត្តម និងតីរវិថីព្រះស៊ីសុវត្តិ
៤-ការពិភាក្សានិងការលើកជាគំនិត អំពីយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា ។
ដើម្បីចូលរួមគាំទ្រ និងសម្រេចជោគជ័យក្នុងការអនុវត្តគោលនយោបាយ ជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទិសដៅគោលនយោបាយជាអាទិភាពចំនួន ១៥ចំណុច ដែលក្នុងនោះ ក៏មានគោលនយោបាយនិងយុទ្ធសាស្ត្រលើការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្រេចទិសដៅទាំងនោះផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ក្រសួងក៏យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ ការរៀបចំផែនការយុទ្ធសាស្ត្រ ផែនការរៀបចំដែនដីនិងនគរូបនីយកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់និងតំបន់ ដោយបានកំពុង សិក្សានិងគិតគូរកំណត់ ច្បាស់ លាស់អំពីតំបន់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ច តំបន់ស្នូលនៃការអភិវឌ្ឍ និងអ័ក្សនៃ ការអភិវឌ្ឍ ធ្វើសមាហរណកម្មប្រទាក់ក្រឡាគ្នា ផែនការរៀបចំដែនដីតំបន់ឆ្នេរ ផែនការរៀបចំដែនដី ថ្នាក់ខេត្ត ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដីទីក្រុង និងទីប្រជុំជន ប្លង់គោលប្រើប្រាស់ដីក្រុង ស្រុក ខណ្ឌ ផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ដើម្បី ធានាការគ្រប់គ្រងការអភិវឌ្ឍន៍ និងការសាងសង់ ប្រកបដោយគុណភាព សុខាមាលភាព និរន្តភាព ចីរភាព និងបរិស្ថានល្អ ។
ការអភិវឌ្ឍធនធានមនុស្សបន្ថែមក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ លំនៅឋាន សុរិយោដីនិងភូមិសាស្ត្រ ក៏ជាកត្តាចាំបាច់ ដែលក្រសួងរៀបចំដែនដី បាននិងកំពុងសហការជាមួយគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគម សាកលវិទ្យាល័យនានា និងវិស័យឯកជន ដើម្បីប្រមូលផ្តុំ បញ្ញវន្ត អ្នកវិជ្ជាជីវៈ និស្សិត រួមគ្នាកសាង និងអភិវឌ្ឍស្ថាបត្យកម្ម និងវិស្វកម្មខ្មែរ ឱ្យមានភាពរស់រវើកឡើងវិញ និងជាកម្លាំងចលករចូលរួមចំណែក កសាងប្រទេសជាតិ ៕
ដោយ / គ្រី សម្បត្តិ