ចិនប្រាប់អ៊ីស្រាអែលឱ្យបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា
ប៉េកាំង : ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយថា ប្រមុខការទូតចិន កាលពីថ្ងៃចន្ទ បានប្រាប់សមភាគីអ៊ីស្រាអែលថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគួរតែបញ្ចប់។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ីស្រាអែល លោក Israel Katz ថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគួរតែបញ្ចប់។
អំឡុងការសន្ទនាគ្នាតាមទូរស័ព្ទ លោក Wang បានប្រាប់លោក Katz យ៉ាងដូច្នេះថា គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាមិនគួរបន្តទៀតទេ ហើយការប្រឆាំងអំពើហិង្សាដោយអំពើហឹង្សា គឺមិនអាចដោះស្រាយកង្វល់ស្របច្បាប់របស់គ្រប់ភាគីទាំងអស់បានទេ។
លោក Wang បន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការធ្លាក់ចូលជ្រៅទៅក្នុងស្ថានភាពមិនអាចស្រោចស្រង់បាន ចំពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ជាមួយគ្នានេះ លោក Wang ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា ព្រមទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ផងដែរ។
យោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា ភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានសម្លាប់មនុស្សកើនឡើងដល់ ៤២,២៨៩នាក់ហើយ ដែលភាគច្រើនជាជនស៊ីវិល។ អង្គការសហប្រជាជាតិក៏បានទទួលស្គាល់តួលេខនេះផងដែរ និងថា អាចទុកចិត្តបាន៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា