ចិន និងរុស្ស៊ីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី
ប៉េកាំង : ប្រមុខការពារជាតិចិន និងរុស្ស៊ីសន្យាកាលពីថ្ងៃចន្ទថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។
រដ្ឋមន្ត្រីការពារជាតិចិន និងរុស្ស៊ីសន្យាថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត ខណៈដែលពួកគេបានជួបគ្នានៅរដ្ឋធានីប៉េកាំង។
អំឡុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun និងសមភាគីរុស្ស៊ី លោក Andrei Belousov បានអំពាវនាវឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និង បន្តជំរុញទំនាក់ទំនងយោធា។
បើតាមក្រសួងការពារជាតិចិន លោក Dong បាននិយាយថា ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងចិន-រុស្ស៊ីបានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលា។
លោក Belousov ក៏បានអះអាងដែរថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។
លោក Belousov បន្ថែមថា កិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាស្ថិរភាពពិភពលោក និងក្នុងតំបន់។ ហើយលោកសង្ឃឹមថា កិច្ចពិភាក្សារបស់គាត់នៅទីក្រុងប៉េកាំងនេះ នឹងជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន ក្នុងវិស័យការពារជាតិ។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ចាប់តាំងពីរុស្ស៊ីលុកលុយប្រទេសជិតខាងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ចិន និងរុស្ស៊ីក៏បានប្រកាសភាពជាដៃគូគ្មានដែនកំណត់ភ្លាមៗ មុនពេលដែលទីក្រុងមូស្គូចាប់ផ្តើមការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន និងបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជាមួយគ្នាចាប់តាំងពីពេលនោះមក៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា