ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូក្រសួងមុខងារ​សារធា​រណៈ​គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើត​វិមាន​ឯករាជ្យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំក្រសួង បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។

កូនចៅ ចៅទួត សូមក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខួប ១២ព្រះវស្សា នៃការយាងចូលព្រះទីវង្គតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាខួប ១២ព្រះវស្សា (១៥ តុលា ២០១២ – ១៥ តុលា ២០២៤) នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ និងប្រជារាស្រ្តទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេង និងសូមក្រាបថ្វាយមហាព្រះរាជកុសល និងថ្វាយព្រះបរមវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដើម្បីជាកិច្ចតបស្នងថ្វាយចំពោះព្រះរាជឧបក្ការៈគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ន អង្គការ សមាគមនានា ចំនួន ៦២ មកពី ក្រសួង ស្ថាបននានា បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធដ៏មានអត្ថន័យនេះ គឺដើម្បីជាកិច្ចតបស្នងថ្វាយចំពោះព្រះរាជឧបក្ការៈគុណដ៏ធ្ងន់បំផុត តាមរយៈស្នាព្រះហស្ថដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងមួយព្រះជន្មព្រះអង្គបានគិតគូពីឧត្តមប្រយោជន៍ជាតិ លើសអ្វីៗទាំងអស់ ក្នុងនោះព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចទាមទារបានមកវិញនូវឯករាជ្យ បូរណភាពទឹកដីខ្មែរ បានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ និង ព្រះរាជកិច្ចស្ថាបនា ព្រះរាជសមិទ្ធិផល កសាងសង្គម ឲ្យមានការរីកចំរើន តាំងពីក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងរហូត ដល់សម័យកាលបច្ចុប្បន្ន។

សូមឧទ្ទិសថ្វាយនូវមហាកុសលដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសោយព្រះទិវង្គត ទៅកាន់បរលោក ឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុង ព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ សួង ពិសិដ្ឋ និង វ៉េង លឹមហួត

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner