សម្តេចតេជោ ហ៊ុន សែន គោរពដឹងគុណថ្វាយព្រះបរមរតនកោដ្ឋ លើការលះបង់ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ។ នេះបើយោងតាមបង្ហោះលើបណ្តាញសង្គមផ្លូវការរបសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខណៈថ្ងៃទី១៥ តុលា គឺកម្ពុជា រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមបណ្តាញសង្គមផ្លូវការថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។
សម្តេចតេជោ សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និង សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ៕
ដោយ ៖ វណ្ណលុក