ក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលខេត្ត ពង្រឹងលើការងារសំខាន់ ៣ចំណុច
សៀមរាប៖ក្រុមប្រឹក្សាខេត្តសៀមរាបបានធ្វើការណែនាំឱ្យគណៈអភិបាលខេត្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស ,ជំរុញសន្តិសុខក្នុងសហគមន៍ និងការត្រួតពិនិត្យសំណង់សាធារណៈ ។ ការណែនាំនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ។
កិច្ចប្រជុំដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត។កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើកំណត់ហេតុការប្រជុំទី៤ កាលពីថ្ងៃទី១៦ ខែកញ្ញា ២០២៤, ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ២០២៤ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តនិងពិនិត្យនិងអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសម្រាប់ចុះមូលដ្ឋាន។
នៅក្នុងប្រជុំឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តបានជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យប្រជាពលរដ្ឋបានគ្រប់គ្នានិងការទប់ស្កាត់ការរាំងស្ទះក្នុងការបំពេញបែបបទនេះ។ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការផ្តល់សេវាសាធារណៈដោយឆាប់រហ័ស ការជំរុញសន្តិសុខក្នុងសហគមន៍ និងការត្រួតពិនិត្យសំណង់សាធារណៈ ដែលមានការបំពានលើចំណីផ្លូវ៕
ដោយ៖ ប៊ុន រដ្ឋា