ផលិតផលល្អៗរបស់ខ្មែរ បូករួមទាំងទំនិញកែច្នៃពីកសិផលខ្មែរ នឹងត្រូវដាក់តាំងពិព័រណ៍អាជីវកម្ម ក្នុងផ្សារទំនើបមួយនៅដើមខែធ្នូខាងមុខនេះ

(ភ្នំពេញ)៖ ពិព័រណ៍អាជីវកម្មដែលនឹងធ្វើនៅថ្ងៃ៧-៨ធ្នូខាងមុខ នៅផ្សារទំនើបជីបម៉ុង នឹងជួយសម្រាលបន្ទុកដល់សហគ្រិនកម្ពុជា និងរំពឹងថា ពិព័រណ៍ខ្នាតធំជាមួយទីតាំងធំទូលាយនេះ នឹងអាចទាក់ទាញមនុស្សជាង១០ម៉ឺននាក់ ចូលទស្សនា ហើយជួយគាំទ្រផលិតផលខ្មែរបានច្រើន។

នោះបើតាមការបញ្ជាក់របស់លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន បក្សី មេឌា ដែលជាអ្នកផ្តួចផ្តើមបង្កើតការតាំងពិព័រណ័អាជីវកម្មកម្ពុជា តាំងពីឆ្នាំ២០២២មក។ បណ្តុំម្ចាស់អាជីវកម្មប្រមាណជាង១០០ម៉ាកយីហោផ្សេងៗគ្នា នឹងធ្វើការណាត់ជួបគ្នា ក្នុងពិព័រណ៍អាជីវកម្មផលិតផលល្អៗរបស់ខ្មែរ ដើម្បីស្វែងរកការគាំទ្រឱ្យបានច្រើនបំផុតពីពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិដែលកំពុងស្នាក់នៅកម្ពុជា ក៏ដូចជាស្វែងរកដៃគូសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីជំនួបដៃគូអាជីវកម្ម សម្រាប់ពិព័រណ៍ជីវកម្មកម្ពុជា លើកទី៣ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ដែលធ្វើឡើងនៅផ្សារទំនើបជីបម៉ុង លោក សំ កុសល បានបញ្ជាក់ថា ពិព័រណ័អាជីវកម្មកម្ពុជា ឆ្នាំ២០២៤ នឹងមានការដាក់តាំង និងលក់ផលិតផលល្អៗរបស់ខ្មែរដូចជាប្រភេទកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ សំបកកង់រថយន្តធ្វើឡើងដោយកូនខ្មែរ អាជីវកម្មផ្នែកបច្ចេកវិទ្យា និងមានផ្នែកអាជីវកម្មជាច្រើនទៀត ដែលសុទ្ធតែជាប្រភេទផលិតផលថ្មីៗ ប្លែក មិនធ្លាប់មានពីមុន ។

លោកបានថ្លែងថា «ក្រុមបក្សីមានបទពិសោធន៍៣ឆ្នាំហើយក្នុងការរៀបចំពិព័រណ៍ខ្នាតធំៗបែបនេះ ហើយឆ្នាំនេះជាពេលដែលបានកំពុងរៀបចំកម្មវិធីធំជាងពេលណាៗទាំងអស់។ ពិព័រណ៍មួយនេះមិនមែនសម្រាប់តែលក់ផលិតផលថ្មីៗនោះទេ តែវាជាពេលល្អបំផុត ដើម្បីបង្ហាញដល់ខ្មែរ១៧លាននាក់ថា កម្ពុជាមានមុខរបរថ្មីៗអ្វីខ្លះបានបង្កើតទ្បើង។ ដូចនេះពិព័រណ៍អាជីវកម្មឆ្នាំនេះ បង្កើតទ្បើងដើម្បីធ្វើជាទីផ្សារ សម្រាប់ផលិតផលខ្មែរ ហើយក៏ជាទីបង្ហាញយីហោខ្មែរដល់ប្រជាជនខ្មែររាប់លាននាក់ផងដែរ»។

លោក សំ កុសល បន្តថា ចំណុចសំខាន់នៃការរៀបចំពិព័រណ៍អាជីវកម្មកម្ពុជានោះឡើង មិនមែនសំដៅតែទៅលើការលក់នោះទេ ប៉ុន្តែវាជាការរួមគ្នារវាងក្រុមអាជីវករ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នធំៗដទៃទៀត ដើម្បីលើកមុខមាត់អាជីវកម្មរបស់ខ្មែរទៅថ្ងៃអនាគត និងដើម្បីបង្ហាញពីផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ ពិសេសដើម្បីទាក់ទាញផលិតផលរបស់ខ្មែរចូលក្នុងផ្សារទំនើប។

លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន CHIPMONG RETAIL បញ្ជាក់ការចំពោះពិព័រណ៍អាជីវកម្មនៅផ្សារទំនើបជីបម៉ុង(#២៧១) ដោយលោកស្រីថ្លែងថា ជាការជួយដល់ផលិតផលខ្មែរថ្មីៗឲ្យមានឳកាសបានមកលក់នៅក្នុងផ្សារទំនើប និងកាន់តែទទួលបានការទាក់ទាញពីភ្ញៀវជាតិ និងអន្តរជាតិ។ លោកស្រីបញ្ជាក់ថា «ផ្សារធំរបស់ខ្មែរមួយនេះ បាននិងកំពុងតែគិតគូរខ្លាំងដល់ផលិតផលក្នុងស្រុក ហើយនេះជាការចូលរួម ដើម្បីបើកទីផ្សារសម្រាប់ផលិតផលខ្មែរ»។

បើតាមការឱ្យដឹងពីអ្នករៀបចំ, សម្រាប់ពិព័រណ៍អាជីវកម្មកម្ពុជានៅដើមខែធ្នូខាងមុខនេះ ក៏នឹងមានការផ្តល់ពាន់រង្វាន់អាជីវកម្មឆ្នើម២០២៤ បន្ទាប់ពីស្តង់អាជីវកម្មប្រមាណ ១០៣ម៉ាកយីហោ ប្រកួតគ្នាដណ្តើមជ័យលាភីជាស្តង់ ដែលមានអ្នកគាំទ្រច្រើនជាងគេបំផុត តាមរយៈចំនួនទឹកប្រាក់លក់ និងចំនួនអ្នកចូលទស្សនាតាមផេកច្រើនជាងគេបំផុត ។ ក្នុងឱកាសនៃពិព័រណ៍ផងដែរ ក៏នឹងមានការពិភាក្សារដេញដោលពីការបង្កើតអាជីវកម្ម និងការអភិវឌ្ឍសមត្ថភាពអាជីវកម្ម និងផលិតផល ដែលឈានទៅប្រកួតប្រជែងកាន់ទូលំទូលាយ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner