ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃខួបលើកទី១២ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៤) ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន និងថ្នាក់ដឹកនាំព្រឹទ្ធសភា បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។
សូមរំលឹកថា ព្រះករុណាព្រះបាទ សម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩២២ និងយាងសោយព្រះទិវង្គត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ដើម្បីជាកិច្ចតបស្នងថ្វាយចំពោះព្រះរាជឧបក្ការៈគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ន អង្គការ សមាគមនានា ចំនួន ៦២ មកពី ក្រសួង ស្ថាបននានា បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធដ៏មានអត្ថន័យនេះ គឺដើម្បីជាកិច្ចតបស្នងថ្វាយចំពោះព្រះរាជឧបក្ការៈគុណដ៏ធ្ងន់បំផុត តាមរយៈស្នាព្រះហស្ថដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងមួយព្រះជន្មព្រះអង្គ បានគិតគូពី ឧត្តមប្រយោជន៍ជាតិ លើសអ្វីៗទាំងអស់ ក្នុងនោះព្រះអង្គ បានបំពេញព្រះរាជបូជនីយកិច្ចទាមទារបានមកវិញនូវឯករាជ្យ បូរណភាពទឹកដីខ្មែរ បានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះ ដ៏ភ្លឺស្វាងបំផុត ក្នុងព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ និង ព្រះរាជកិច្ចស្ថាបនា ព្រះរាជសមិទ្ធិផល កសាងសង្គម ឲ្យមានការរីកចំរើន តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម ដ៏រុងរឿងរហូត ដល់សម័យកាលបច្ចុប្បន្ន។
សូមឧទ្ទិសថ្វាយនូវមហាកុសលដ៏ខ្ពង់ខ្ពស់ ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសោយព្រះទិវង្គត ទៅកាន់បរលោក ឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គបានយាងគង់ប្រថាប់ សោយសុខក្នុងព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត ៕
ដោយ ៖ វណ្ណលុក