ពិធីបុណ្យអុំទូកខេត្តកំពតឆ្នាំនេះ នឹងលើកទៅធ្វើក្នុងព្រឹត្តការណ៍បុណ្យសមុទ្រលើកទី១១វិញ
កំពត៖ចាប់ពីពេលនេះទៅដល់ដំណាច់ឆ្នាំ២០២៤ ខេត្តកំពតមានការមមាញឹកច្រើនក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត។ ដូច្នេះរដ្ឋបាលខេត្តកំពតបានសម្រេចលើកពេលប្រារព្ធ ពិធីបុណ្យអុំទូក យកទៅធ្វើក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររួមគ្នាតែម្តង ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងពីការលើកពេលនៃការប្រារព្ធបុណ្យអុំទូកប្រចាំឆ្នាំរបស់ខេត្ត។ដោយសម្ដៅទៅរកពិធីបុណ្យសមុទ្រដែលនឹង ប្រារព្ធនៅពាក់កណ្ដាលខែធ្នូនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពដែលធ្លាប់ មានទូកចូលរួមក្នុងការប្រណាំងឱ្យប្រាប់ដល់ក្រុមកីឡាករទូក ឱ្យត្រៀមខ្លួនប្រណាំងក្នុងពេលបុណ្យសមុទ្រនៅថ្ងៃទី ១៣,១៤ , ១៥ ខែធ្នូខាងមុខ។
ឯកឧត្តមបានណែនាំដល់មន្ទីរ អង្គភាព ត្រូវរៀបចំសោភណភាព អនាម័យ បរិស្ថានកន្លែងរបស់ខ្លួនឱ្យបានស្អាត ។អាជ្ញាធរក្រុង និងមន្ទីរបរិស្ថាន ត្រូវសហការរៀបចំទាំងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការទុកដាក់និងគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន និងសួនសាធារណៈផ្សេងៗ ឱ្យបានល្អប្រសើរជាប្រចាំ។
ដើម្បីបង្កើនការទាក់ទាញទេសចរជាតិ អន្តរជាតិរដ្ឋបាលខេត្តបាននិងកំពុងពង្រីកផ្លូវពីរូបសំណាកត្រីផ្សោតរហូតដល់ឆ្នេរ កោះស្មៅ និងគ្រោងរៀបចំសួនទឹកសាធារណៈនៅទីតាំងដីខាងកើតសាលាខេត្ត (ដីចន្លោះសាលាខេត្តនិងរូបសំណាក ត្រីផ្សោត)ផងដែរ។
ខេត្តកំពតក៏មានគម្រោងច្រើនផងដែរ។ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តនឹងធ្វើជាជំហានៗ ម្តងមួយគម្រោងៗ ក្នុងមហិច្ឆតាចង់ឱ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ទី១ នៅក្នុងចំណោម ខេត្តជាប់តំបន់ឆ្នេរទាំងបួនរបស់កម្ពុជា នាពេលអនាគត៕
ដោយ៖សិលា សារិន