កងពលតូចលេខ ៧០ បានចូលរួមការពារ រាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងសមិទ្ធផលល្អជាច្រើនទៀត
(ភ្នំពេញ)៖ កងពលតូចលេខ ៧០ បានចូលរួមការពារ រាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងសមិទ្ធផលល្អជាច្រើនទៀតគួរជាទីមោទនៈ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងពលតូចលេខ៧០ បានយកចិត្តទុកដាក់ក្នុងការ បណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ ។
សម្ដេចបវរធិបតី មានប្រសាសន៍បន្តថា កងពលតូចលេខ៧០ បានចូលរួមការពាររាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងបំពេញភារកិច្ចជាច្រើនទៀតទទួលបានលទ្ធផលគួរជាទីមោទនៈ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីតាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ ក្នុងការបំពេញ ភារកិច្ច សម្រេចបានស្នាដៃជាច្រើន ក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួន ឱ្យបានរៀបរយ និងរីកចម្រើន រឹងមាំជាលំដាប់ រួមចំណែក ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ បានល្អប្រសើរ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្ដីត្រេកអរ ចំពោះវឌ្ឍនភាពនៃការរីកចម្រើន កងពលតូចលេខ៧០ ហើយសូមកោតសរសើរដោយស្មោះ ចំពោះសមត្ថភាព ក្នុងការក្ដាប់ជាប់នូវតួនាទី និងភារកិច្ច ដែលសម្រេចបាន នូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ។
សម្តេច សូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារ ជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ។
សម្តេចបវរធិបតី បន្តថា ក្នុងរយៈពេល ៤៥ឆ្នាំមកនេះ ប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខប្រកបដោយសាមគ្គីភាព, វីរភាព, ភាពប្រាកដប្រជា និងតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាគ្រប់រូប ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្ដិភាព នៅតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ សន្ដិភាព អាចលឺ អាចស្ដាប់ ហើយនឹងឃើញតម្លៃ កាន់តែច្បាស់ នៅពេលបាត់បង់។ សម្ដេច ថា បើបាត់បង់សន្ដិភាព គឺគ្រោះថ្នាក់ខ្លាំងណាស់ ។
សូមជម្រាបថា កងពលតូចលេខ៧០ បានកើតចេញពី វរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជា វរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទី ត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម នៅ ក្នុងរាជធានីភ្នំពេញ ។
ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានសម្រួល ជាកងពលតូចថ្មើរជើង លេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រិត្យ លេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោម ចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោក តាមប្រកាសលេខ២៥៤ក.រ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្ដើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកង ពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ៕
ដោយ ៖ វណ្ណលុក