ក្រសួងសុខាភិបាល រៀបចំពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ»
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ» ដែលបានប្រព្រឹត្តទៅនៅ មណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ ។
សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ កម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ នៅតាមអង្គភាពក្រោមឱវាទរបស់ខ្លួន ដោយបានជូនអនុសាសន៍ដូចខាងក្រោម៖ ១ លើកកម្ពស់ភាពជាអ្នកដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់ អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត ។
២ ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឱ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment) ឱ្យបានទូលំទូលាយ។ រៀបចំឱ្យមានគោលការណ៍អនុវត្តស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្តនៅកន្លែងធ្វើការ (Practical Guidelines for Stress Management in Workplace) ដើម្បីប្រើប្រាស់រួមគ្នា ដោយសហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ។ ៣ បណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counseling skills) ដល់អ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselor) និងរៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselling service) ដល់មន្រ្តីរាជការ នៅតាមអង្គភាពនីមួយៗ ។
៤ សហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត ដល់ស្ថាប័នរដ្ឋាភិបាល ផ្សេងទៀត ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានយកឱកាស សូមថ្លែងអំណរគុណដល់អង្គការ សុខភាពពិភពលោក អង្គការ UNICEF និងដៃគូទាំងអស់ ដែលតែងតែគាំទ្រទាំង ថវិកា និងបច្ចេកទេស ដល់ការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ