អ្នកប្រើផ្លាកលេខរថយន្ត ខ.ម បាន មានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ
(ភ្នំពេញ)៖ ការប្រើប្រាស់ផ្លាកលេខរថយន្ត ខ.ម បាន គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំឃើញក្រសួងការពារជាតិ, អគ្គសម្ភារបច្ចេកទេស ក៏បានចេញគោលការណ៍ណែនាំ រឿងឡាន ខ.ម សូមគ្រប់គ្រងឲ្យបាន ទាំងការចេញលេខឲ្យ ទាំងការប្រើប្រាស់ ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ ដែលត្រូវប្រើ ។
សម្តេចបវរធិបតី បានលើកឡើងថា អ្នកខ្លះ មិនមែនជា នាយទាហានជាន់ខ្ពស់ ប៉ុន្ដែប្រើផ្លាកលេខឡាន ខ.ម និងមានការបើកបរសាហាវ ដែលធ្វើឲ្យខូចឈ្មោះ ដល់អ្នកពិតប្រាកដ ក្នុងការអាចប្រើផ្លាកលេខឡាន ខ.ម បាន ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យយកចិត្ដទុកដាក់ គ្រប់គ្រងទៅលើកិច្ចការងារ ប្រើផ្លាកលេខឡាន ខ.ម នេះ ហើយការគ្រប់គ្រងអាវុធគ្រាប់ នៅតាមបណ្ដាអង្គភាព ក៏ត្រូវយកចិត្ដទុកដាក់ពង្រឹង ហើយចំពោះឃ្លាំងអាវុធគ្រាប់ ត្រូវរៀបចំសន្ដិសុខ ឱ្យបានល្អផងដែរ ៕
ដោយ ៖ វណ្ណលុក