គណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ បើកកិច្ចប្រជុំពង្រឹងកាតព្វកិច្ចភារកិច្ចការងារ
(ខេត្តកណ្តាល)៖ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក រដ្ឋបាលខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគ្រោងនឹងប្រណាំងទូក រយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន ការងារដែលសំខាន់បំផុតគឺត្រូវរៀបចំពិធីនេះត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពបរិស្ថានអនាម័យជាដើម ជាងនេះទៅទៀត ត្រូវយកទឹកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវរៀបចំម្ហូបអាហារ ឱ្យបានគ្រប់គ្រាន់ សមរម្យ ត្រៀមរៀបចំកន្លែងស្នាក់នៅ បង្គន់អនាម័យ សំលាកបំពាក់ឱ្យបានល្អប្រសើរ រៀបចំភ្លើងអគ្គីសនីកុំឱ្យដាច់ គណៈកម្មការត្រូវជួបប្រជុំតាមដានលើវឌ្ឍនៈភាពការងាររបស់ខ្លួនជាប្រចាំ។
ឯកឧត្តមបានបញ្ជាក់ថា៖ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការនីមួយៗដែលមានក្នុងសមាសភាពទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋយើងក្នុងនោះត្រូវរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា៖ទូកដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី១៧-១៨ ខែតុលា ខាងមុខនេះមានទូកចំនួន៦៦ទូក រួមមាន៖ទូកង ៣៣ទូក ,ទូកមួង ០៦ទូក ,ទូកខ្នាតអន្តរជាតិ ២៧ទូក ក្នុងនោះរដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទនឹងបង្ហាញពីសមទ្ធិផលមួយចំនួនផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ