សណ្ឋាគារដំបូងបង្អស់លើពិភពលោក បង្កើតដោយម៉ាស៊ីនបោះពុម្ព 3D

តិចសាស់ : មានរឿងរ៉ាវដ៏អស្ចារ្យបំផុតមួយ កំពុងកើតមាននៅចំកណ្តាលបេះដូងនៃរដ្ឋតិសាស់ នោះគឺសណ្ឋាគារដំបូងបង្អស់មិនធ្លាប់មាននៅលើពិភពលោក ដែលបង្កើតឡើងដោយម៉ាស៊ីនបោះពុម្ព 3D ដ៏ធំមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Foxnews។

El Cosmico ដែលរចនាឡើងពីម៉ាស៊ីនបោះពុម្ព 3D បានធ្វើឱ្យសុបិន្តក្លាយជាការពិត ហើយក្លាយជាសណ្ឋាគារ និងកន្លែងបោះតង់ដ៏ពេញនិយម សម្រាប់អ្នកចូលចិត្តការផ្សងព្រេង។ វាមានទីតាំងនៅភាគខាងលិចទីក្រុងម៉ាហ្វា រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

សណ្ឋាគារដ៏ចម្លែកនេះ បង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Icon និងស្ថាបត្យករកំពូលៗ ហើយបច្ចុប្បន្នវាកំពុងបន្តសាងសង់បន្ទប់ស្នាក់នៅថ្មីចំនួន ៤៣បន្ទប់បន្ថែមទៀត ព្រមទាំងផ្ទះលំហែកាយចំនួន ១៨ខ្នងផ្សេងទៀត នៅលើផ្ទៃដីទំហំ ៤០ហិចតា។

Vulcan ដែលជាម៉ាស៊ីនបោះពុម្ព 3D ដ៏ធំរបស់ក្រុមហ៊ុន Icon មានកម្ពស់ជាង ៤ម៉ែត្រ និងទម្ងន់ ៤.៧៥តោន មានសមត្ថភាពបង្កើតជញ្ជាំងកោងកម្ពស់ជាង ៣ម៉ែត្រកន្លះ។
នៅក្នុងដំណើរការសាងសង់ បន្ទាប់ពីចេញម៉ូដក្នុងប្រព័ន្ធកុំព្យូទ័ររួចហើយ ការបោះពុម្ព 3D នឹងធ្វើឡើងដោយត្រូវការអ្នកបច្ចេកទេសតែម្នាក់ប៉ុណ្ណោះ ដើម្បីពិនិត្យម៉ាស៊ីន ថាតើការបោះពុម្ពដូចតាមម៉ូដដែលអតិថិជនចង់បានដែរឬទេ នៅពេលដែលដៃគ្រឿងយន្ត និងក្បាលម៉ាស៊ីនបោះពុម្ពកំពុងដំណើរការ។

ទឹកថ្នាំនៃម៉ាស៊ីនបោះពុម្ព 3D គឺជាសម្ភារៈដ៏សំខាន់ ជាពិសេសស៊ីម៉ងត៍លាយស្រេច និងមានភាពរឹងមាំ ហៅថា Lavacrete ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។ ម្ចាស់សណ្ឋាគារ El Cosmico លោកស្រី Liz Lambert និយាយថា មូលហេតុដែលលោកជ្រើសយកម៉ាស៊ីនបោះពុម្ព 3D សាងសង់សណ្ឋាគារ គឺដោយសារតែបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងអនុញ្ញាតឱ្យមានការច្នៃប្រឌិតដែលមិនធ្លាប់មានពីមុនមកនៅលើពិភពលោក៕

ប្រភព៖ Foxnews ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner