ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល និយាយដោយសាមញ្ញ ជាប្រភេទក្រដាស​ប្រាក់អនុស្សាវរីយ៍ ដែលដាក់ចេញត្រឹម ២០លានសន្លឹកប៉ុណ្ណោះ

(ភ្នំពេញ)៖ ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល និយាយសាមញ្ញជា​ប្រភេទ​ក្រដាសប្រាក់អនុស្សាវរីយ៍ ដែលត្រូវបានដាក់ចេញត្រឹម ២០លានសន្លឹកប៉ុណ្ណោះ ដើម្បីអបអរសាទខួប២០ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រនៃកម្ពុជា ។ នេះជាការចេញមកបញ្ជាក់ពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិកម្ពុជា តាមរយៈវីដេអូខ្លីប្រមាណជាង ៤នាទី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា បានបញ្ជាក់ថា ការប្រកាស​ដាក់​ចេញនូវក្រដាសប្រាក់ប្រភេទថ្មី២០០,០០០រៀល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មិនប៉ះពាល់អ្វីដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរ​នៃសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាទេ ។ ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលនេះទៀតសោត ត្រូវបានដាក់ចេញត្រឹមចំនួន២០លានសន្លឹកប៉ុណ្ណោះ ដែលនិយាយសាមញ្ញ​ជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ ដើម្បីអបអរសាទខួប២០ឆ្នាំ នៃការគ្រង​រាជ្យសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទេសាភិបាលធនាគារជាតិរូបនេះ បានឱ្យដឹងទៀតថា កន្លងមក មានការព្រួយបារម្ភ នៅពេលធនាគារជាតិកម្ពុជា ដាក់ចេញនូវប្រភេទធនប័ត្រថ្មី ថា រាជរដ្ឋាភិបាល ឬធនាគារជាតិកម្ពុជា ខ្វះលុយ ទើបត្រូវបោះផ្សាយក្រដាសប្រាក់បន្ថែម ។ ជុំវិញក្ដីបារម្ភនេះ ត្រូវបានលោកជំទាវ អះអាងថា ការដាក់ចេញនូវធនប័ត្រប្រភេទ​ថ្មីនេះ គ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលធនាគារជាតិបានដក​ចេញពីចរាចរ ។

លោកជំទាវ ទេសាភិបាលធនាគារជាតិកម្ពុជា បានពន្យល់បន្ថែមថា ការដាក់​ចេញក្រ​ដាស​ប្រាក់ប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលយើង​បាន​ដកចេញពីចរាចរណ៍ ដែលមានន័យថា កន្លងមក នៅពេលដែលធនាគារជាតិ​នៃកម្ពុជា បានដាក់ធនប័ត្រទៅក្នុងចរាចរណ៍ ធនបត្រនោះ គឺតែងតែមានការចាស់ ទក់ រហែក ជារឿងធម្មតា។ ដូច្នេះហើយ រាល់ពេលដែលធនាគារជាតិនៃកម្ពុជា ប្រមូល​នូវប្រភេទក្រដាស​ប្រាក់នេះ ចូលមកធនាគារជាតិវិញ គឺត្រូវយកទៅជ្រើស​រើសយកក្រដាសប្រាក់ណាដែលចាស់ ខណៈក្រដាសប្រាក់ខ្លះ ចាស់ដែរ ប៉ុន្តែនៅ​ប្រើប្រាស់បាន ក៏យកទៅដាក់ឱ្យចរាចរណ៍ក្នុងសេដ្ឋកិច្ចឡើងវិញ ហើយក្រដាស​ប្រាក់ណា ដែលចាស់ ទក់ រហែកខ្លាំង មិនអាចដាក់ចូលទៅក្នុងចរាចរណ៍វិញបាន គឺទី១ ត្រូវយកទៅកាត់ជាកំណត់តូចៗ បន្ទាប់មកយកទៅដុតចោល នៅឡរបស់ធនា​គារ​ជាតិនៃកម្ពុជា ។ ចំនួនដែលកាត់ និងដុតនោះ ត្រូវបានកត់ត្រាទុកច្បាស់ថា មាន​ទំហំប៉ុន្មាន ហើយធនាគារជាតិ នឹងជំនួសទៅតាមទំហំទឹកលុយដោយក្រដាស​ប្រាក់ថ្មី ។

តាមរយៈការពន្យល់ខាងលើ លោកជំទាវ ជា សិរី សង្ឃឹមថា នឹងមិនមានការយល់​ច្រឡំ ឬបកស្រាយខុសពីការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះទេ។ លោកជំទាវ ក៏បានអំពាវនាវឱ្យសាធារណជន ឱ្យស្រលាញ់ និងគាំទ្រ ក៏ដូចជាប្រើប្រាស់ក្រដាស​ប្រាក់​រៀល រក្សាគុណតម្លៃរបស់ប្រាក់រៀល ឱ្យបានកាន់តែខ្លាំងផងដែរ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យដែលចុះហត្ថលេខា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ បានប្រកាសអនុញ្ញាឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ ទូទាំងប្រទេសកម្ពុជានូវធនប័ត្រអនុវស្សាវរីយ៍ប្រភេទ ២០០,០០០រៀលទន្ទឹមនឹង បណ្តា​​ប្រភេទក្រដាសប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ យោងតាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល​ ធនាគារជាតិនៃកម្ពុជាបានផ្សព្វផ្សាយពីលក្ខណៈសម្គាល់​នៃធនប័ត្រថ្មី​ខាងលើនេះ និងបានប្រាប់ឱ្យសាធារណជន ពិនិត្យសម្គាល់ធនប័ត្រថ្មីនេះ​ឱ្យបាន​ច្បាស់​លាស់ ជៀសវាងការភ័ន្តច្រឡំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner