អេស្ប៉ាញរឹបអូសសារធាតុគីមី១៣.០០០គីឡូ បម្រុងដឹកទៅរុស្ស៊ី

បរទេស៖ ប៉ូលិសនៃប្រទេសអេស្ប៉ាញរឹបអូសបាន សារធាតុគីមី ចំនួន១៣.០០០គីឡូក្រាម នៅកំពង់ផែ នៃទីក្រុងបាសេឡូណា (Barcelona) ដែលគេប៉ុនប៉ងដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី ទោះបីដឹងថាខុសច្បាប់។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ត្រូវបានចាប់ខ្លួន ដោយគេដឹងថា ជាក្រុមដឹកនាំគម្រោងពាណិជ្ជកម្មមួយនេះ ហើយត្រូវបានចាត់ទុកថា ជាការបំពាននឹងទណ្ឌកម្ម ពាក់ព័ន្ធប្រទេសរុស្ស៊ី ចាប់តាំងពីចូលវាយលុក អ៊ុយក្រែន។

កងកម្លាំងប៉ូលិសជាតិ របស់ប្រទេសអេស្ប៉ាញ និងអាជ្ញាធរពន្ធដារ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ក្នុងអំឡុងពេលនៃការស៊ើបអង្កេត បានបង្ហាញថា សារធាតុគីមី ដែលត្រូវបានដាក់ទណ្ឌកម្មជាអន្តរជាតិទាំងនេះ អាចប្រើប្រាស់ផលិតជាអាវុធគីមី ហើយរកឃើញថា ក៏ធ្លាប់នាំចេញ តាមរយៈរចនាសម្ព័ន្ធ ក្រុមហ៊ុននេះ កាលពីអតីតកាល» នេះបើតាមទីភ្នាក់ងារព័ត៌មាន រយធឺ ប៉ុន្តែ មិនបាននិយាយថា តើសារធាតុគីមីអ្វី ដែលត្រូវបានរឹបអូសនោះទេ។

អាជ្ញាធរបាននិយាយថា សារធាតុគីមីនេះត្រូវបានគេរកឃើញ នៅក្នុងកុងតឺន័រដឹកជញ្ជូន នៅឯកំពង់ផែក្នុងទីក្រុង បាសេឡូណា (Barcelona) នៅឆ្នេរសមុទ្រភាគឦសាន នៃប្រទេសអេស្ប៉ាញ ខណៈដែលជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងសង្កាត់ចំនួនបី នៅជិតទីក្រុង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner