ប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ុនមួយនៅប្រទេសជប៉ុន ដែលមានអ្នកទស្សនាជាង ១០លាននាក់ មានគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ កម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។
ក្រុមហ៊ុនជប៉ុនមួយដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០លាននាក់ តាមរយៈ លោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក្រសួងទសចរណ៍ លើគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថែ្លងអំណរគុណចំពោះ ចំពោះគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍របស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងប្រទេសកម្ពុជា នៅប្រទេសជប៉ុនឱ្យកាន់តែទូលំទូលាយ និងជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ បង្កើត និងបង្កើនជើងហោះហើរត្រង់ឱ្យបានច្រើន ។
ឯកឧត្តម ហួត ហាក់ ក៏បានលើឡើងថា វិស័យទេសចរណ៍កម្ពុជា ក៏មានតម្រូវការវិវត្តតាមលក្ខណៈបច្ចេកវិទ្យាទំនើប ដែលបានផ្ដល់នូវមធ្យោបាយចែករំលែកព័ត៌មានដែលមានភាពងាយស្រួល ឆាប់រហ័ស និងវិសាលភាពកាន់តែទូលំទូលាយ ដែលនេះជាកត្តាមួយចាំបាច់ដែលក្រសួងទេសចរណ៍ ត្រូវពង្រឹងយន្តការនៃការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន TBS Holdings ដើម្បីបញ្ជ្រាបដល់ប្រជាជនរបស់ប្រទេសជប៉ុនឱ្យស្គាល់ពីកម្ពុជាកាន់តែច្រើនផងដែរ ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ