ប្រជាពលរដ្ឋ ខណ្ឌដូនពេញ បានស្នើឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេ ដែលបង្កប់ល្បែងស៊ីសងអនឡាញ

(ភ្នំពេញ)៖ ក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ ឯកឧត្ដមសុខ ពេញវុធ ណែនាំឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញភ្លាមៗ ។

ឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ នាខណ្ឌដូនពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ក្នុងវេទិកានេះ មានពលដ្ឋ ៣រូប បានលើកឡើងនូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ បញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបាន ឯកឧត្ដម សុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និងមួយចំនួន ឯកឧត្ដមអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែលមិនអាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋាន តួរយ៉ាងសំណូមពរជួយដោះស្រាយ លើការកែប្រែឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿនការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធប្រថាប់ត្រាជាដើម ។

ឯកឧត្ដមម៉ប់ សារិន បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ អញ្ជើញលើកឡើងនូវបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ដោយកុំខ្លាចខុស ឬក៏ត្រូវ ដើម្បីអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចពិនិត្យនិងដោះស្រាយជូនតាមដែលអាចធ្វើទៅបាន ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅធ្វើការបូកសរុប ហើយនិងចាត់ការក្នុងការដោះស្រាយបញ្ហានីមួយៗ ដោយយើងអាចដោះស្រាយ អ្វីដែលយើងមានលទ្ធភាពត្រូវធ្វើភ្លាម គឺធ្វើភ្លាម” ។

ឯកឧត្ដម ម៉ប់ សារិន បន្តថា វេទិកានេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ជាមួយតំណាងសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាផ្តល់កិច្ចប្រឹក្សាអំពីបញ្ហាអទិភាព សម្រាប់អភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធិភាព និងបរិយាបន្ន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner