យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងខេត្តកណ្តាល
(ខេត្តកណ្តាល)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅសាលាស្រុកស្អាង ខេត្តកណ្តាល ។
លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានប្រារព្ធយុទ្ធនាការនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវិធានការបង្ការ និងការទប់ស្កាត់ជំងឺឆ្កែឆ្កួតនេះ។ លោកប្រធានមន្ទីរកសិកម្ម សំណូមពរប្រជាពលរដ្ឋទាំងអស់ សូមយកសត្វឆ្កែមកចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ដើម្បីសហគមន៍គ្មានជំងឺឆ្កែឆ្កួត ។
លោកស្រី ម៉ាទីណា ម៉ាយ នាយិកានៃអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិកម្ពុជា បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ក្នុងការចូលរួមសហការធ្វើអោយមានយុទ្ធនាការនេះឡើង និងបានផ្តល់ការចាក់ថ្នាំជំងឺឆ្កែឆ្កួតនេះជូនដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វឆ្កែ។
លោកស្រី ហេង បូរ៉ានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការបើកយុទ្ធនាការនេះឡើង ដែលមានសារៈសំខាន់ក្នុងការពារជំងឺឆ្លង និងបញ្ឈប់នូវការរីករាលដាលនៃមេរោគឆ្កែឆ្កួតទូទាំង ព្រមទាំងជំរុញលើកកម្ពស់ក្នុងសកម្មភាពទប់ស្កាត់និងលុបបំបាត់ជំងឺឆ្កែឆ្កួត ដោយពង្រីកការអប់រំ ផ្សព្វផ្សាយ ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ដោយជំងឺនេះជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ និងជាអាទិភាពក្នុងតំបន់ ក៏ដូចជាសាកលលោកទាំងមូល។
ឯកឧត្តម ហាក់ សុខមករា អភិបាលរង និងជាតំណាង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មានកិត្តិយសយ៉ាងក្រៃលែងដែលបានប្រារព្ធនូវយុទ្ធនាការនេះឡើង ដែលអាចចាត់ទុកជា យុទ្ធនាការប្រវត្តិសាស្រ្តលើកទី០១ សម្រាប់ខេត្តកណ្តាល និងជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ៕
ប្រភព ៖ ក្រសួងកសិកម្ម