ឥណ្ឌូនេស៊ីនឹងយកពន្ធសំរាមតាមផ្ទះ

បរទេស៖ ទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ីនឹងយកពន្ធលើការចោលកាកសំណល់ ឬ សំរាម នៅតាមផ្ទះ សម្រាប់អ្នករស់នៅក្នុងទីក្រុង ចាប់ពីឆ្នាំក្រោយ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការគ្រប់គ្រងកាកសំណល់ នេះបើតាមគេហទំព័រ Antara។

ផ្អែកតាមប្រភព ប្រធានការិយាល័យបរិស្ថាន ទីក្រុងហ្សាកាតា លោក Asep Kuswanto បាននិយាយ កាលពីថ្ងៃអង្គារថា «ឆាប់ៗនេះ គ្រប់គ្រួសារទាំងអស់ នឹងត្រូវទទួលរងនូវពន្ធសំរាម ស្របតាមបទប្បញ្ញត្តិប្រចាំតំបន់ ដែលបានចេញផ្សាយ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដោយនឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥»។ លោកបានពន្យល់ថា រដ្ឋបាលក្រុងបាននិងកំពុងរៀបចំគោលនយោបាយ ដោយអនុលោម តាមបទប្បញ្ញត្តិ ទាក់ទងនឹងកម្រិត ពន្ធនេះ។

នៅក្រោមបទប្បញ្ញត្តិនេះ ពន្ធលើសេវាចោលកាកសំណល់នឹងផ្អែកលើការប្រើប្រាស់អគ្គិសនីដែរ ក្នុងនោះ គ្រួសារបំពានដែលប្រើប្រាស់ថាមពលតិច ផាកតិច ប្រើកាន់តែច្រើន ផាកកាន់តែច្រើន ប៉ុន្តែ មិនទាន់បានបញ្ជាក់លម្អិត អំពីទំហំ ឬ ទម្ងន់សំរាម ដែលត្រូវផាកបែបណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា មានចាប់ពី ០.៧០ដុល្លារ ដល់ ជិត៥ដុល្លារ។ លោក Kuswanto ថា គោលការណ៍ ក៏នឹងអនុវត្ត សម្រាប់ក្រុមហ៊ុន នៅតំបន់ពាណិជ្ជកម្មដែរ។ លើសពីនេះទៀត រដ្ឋបាលគ្រោងនឹងកាត់បន្ថយការយកពន្ធបន្ទុក សម្រាប់អ្នករស់នៅ និងអាជីវកម្ម ដែលបានយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់ ដូចជា អ្នកដែលចូលរួមយ៉ាងសកម្ម ទុកដាក់កាកសំណល់ ត្រឹមត្រូវ ជាដើម។

ទីក្រុងហ្សាការតាត្រូវបានគេដឹងថា មានសំរាមប្រចាំថ្ងៃ កើនដល់៨ពាន់តោន៕

ប្រភពពី Antara ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner