ផ្ទុះឡានដឹកប្រេងនីហ្សេរីយ៉ា ស្លាប់មនុស្សជិត១៥០នាក់

បរទេស៖ មន្ត្រីបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ចំនួន១៤៧នាក់ បានស្លាប់ ក្នុងហេតុការណ៍ឆេះរថយន្តដឹកសាំងមួយគ្រឿង នៅទីក្រុង Majiya ប្រទេសនីហ្សេរីយ៉ា។

ប៉ូលីសបាននិយាយថា ឡានដឹកប្រេងបានបើកគេច ពីរថយន្តផ្សេងទៀត ហើយក៏បានក្រឡាប់ នៅទីក្រុង Majiya រដ្ឋ Jigawa កាលពីល្ងាចថ្ងៃអង្គារ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋបានចោមរោមមើលរថយន្តដឹកប្រេងដែលក្រឡាប់ ដើម្បីប្រមូលយកប្រេង ដែលលេចធ្លាយ ក៏បណ្តាលឲ្យឆេះស្លាប់មនុស្សច្រើនសន្ធឹកសន្ធាប់ ដ៏រន្ធត់។

រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ AFP ថា តួលេខនេះ គិតតែពីសាកសពដែលកប់ក្នុងផ្នូរដ៏ធំមួយប៉ុណ្ណោះ ហើយបានព្រមានថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងជាងនេះ។ ខ្មោចជនរងគ្រោះរាប់សិបនាក់ ត្រូវបានដុតឆេះ មើលលែងស្គាល់។

ប្រេងឥន្ធនៈបានក្លាយទៅជាទំនិញដ៏មានតម្លៃ នៅក្នុងប្រទេសដែលកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងពេលបច្ចុប្បន្ន។ ការផ្ទុះឡានប្រេង កើតមានញឹកញាប់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិកមួយនេះ ហើយផ្លូវថ្នល់ មិនត្រូវបានថែទាំបានល្អ។ ចាប់តាំងលុបចោលការឧបត្ថម្ភធន កាលពីឆ្នាំមុន តម្លៃប្រេងសាំងបានកើនឡើង ៥ដង ហើយ ជារឿយៗ មានការខ្វះខាត នាំឲ្យមនុស្សចាត់ទុកសាំង សំខាន់ខ្លាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner