អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដែល​មានអានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។

ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ​ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិយ​សជាច្រើនរូបផងដែរ។

ឯកឧត្តម កែវ រតនៈ​ បានមានប្រសាសន៍ថា​ ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ​ ដោយទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ ចំណែ​ក​ទូរប៊ីនទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ។​

​អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា៖ «វាជាឱកាសមួយដ៏មានមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%»។

បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV ផងដែរ​។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ ការគាំទ្រកន្លងមក។ គម្រោងនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤។

លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានថ្លែងថា រោងចក្រនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយវានឹងផលិតថាមពលអគ្គិសនីបានស្មើ​នឹង២៦%នៃថាមពលក្នុងស្រុកនៅកម្ពុជា។ ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រមាណ ៦ លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំសម្រាប់លក់ឱ្យអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងថាមពលរយៈពេល ៣០ ឆ្នាំ។ គម្រោងនេះនឹងជួយគាំទ្រដល់ការបង្កើតចំណែកថាមពលស្អាតរហូតដល់៧០%នៃផលិតកម្មក្នុងស្រុកនៅក្នុងឆ្នាំ២០៣០។

អំឡុងពេលសាងសង់រោងចក្រនេះ​ នឹង​ផ្ដល់ការងារចំនួន ២០០០ កន្លែង ហើយបន្ទាប់ពីរោងចក្រដំណើរការ នឹងត្រូវបានផ្តល់ការងារចំនួន ៣០០ កន្លែងផងដែរ។

ឯកឧត្តម កែវ រតនៈ បានកោតសរសើរចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរនេះ ដែលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា បន្ទាប់ពីជោគជ័យលើគ្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម ២កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា​ នាពេលបច្ចុប្បន្ន។

រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។ នៅក្នុងឆ្នាំ ២០១៧ រោងចក្រវារីអគ្គិសនីសេសានក្រោមពីរ ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែងបាន ចាប់ផ្តើមដំណើរការ។ ហើយមកទល់នឹងថ្ងៃនេះ រោងចក្រនោះនៅតែជាប្រភព ថាមពលស្អាតដ៏ធំបំផុត របស់កម្ពុជា។

លើសពីនេះ រ៉ូយ៉ាល់គ្រុប កំពុងសិក្សារួមគ្នាលើគម្រោង VRE ចំនួន ៣០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ BESS ជិត ១០០មេហ្គាវ៉ាត់។ ក្រៅពីនេះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ធ្វើការយ៉ាងសកម្មផងដែរជាមួយដៃគូថាមពលអន្តរជាតិផ្សេងៗទៀត ជាពិសេសក្រុមហ៊ុន The Blue Circle ដែលបានទទួលការអនុញ្ញាតកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីបណ្តាក់ទុនរួមគ្នានូវគម្រោងថាមពលខ្យល់ពីរដំណាក់កាល នៅក្នុងខេត្តមណ្ឌលគិរី ដែលមានសមត្ថភាពសរុប ២៥០មេហ្គាវ៉ាត់ ហើយយើងក៏កំពុងស្វែងរកការអភិវឌ្ឍរួមគ្នាផលិតថាមពលដើរ ដោយពន្លឺព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់ ដោយសហការជាមួយក្រុមហ៊ុន TotalEnergies៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner