បណ្ឌិត គិន ភា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី គឺពិតជាមានសារៈសំខាន់បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនានក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានមានប្រសាសន៍ថា ដំណើរអញ្ជើញទៅចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីទី៨ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី។ កន្លងមកនេះ ឃើញថាទំនាក់ទំនងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងសករាជថ្មីនេះ គឺកំពុងតែមានការរីកចម្រើននវិវត្តជាវិជ្ជមានល្អលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

បណ្ឌិត គិន ភា បានមបន្តថា ដំណើរអញ្ជើញទៅចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសន្ទុះបន្ថែមមួយទៀតធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំថែមទៀត ជាទម្រង់ទ្វេភាគីផង ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ហើយនឹងជាទម្រង់ពហុភាគីផ្សេងទៀតដែលប្រទេសទាំងពីរ អាចធ្វើការជាមួយគ្នាក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាក្របខណ្ឌពហុភាគីនិយមផ្សេងៗទៀត ដូចជាក្របខណ្ឌអង្គការសហប្រជាជាតិជាដើម។

សូមជម្រាបថា តាមកម្មវិធីដែលបានគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីទី៨ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ លោក Prabowo Subianto ជាសហស្ថាបនិកគណបក្ស Gerindra Party កាលពីឆ្នាំ២០០៨ និងបានចូលកាន់តំណែងជាប្រធានគណបក្សមួយនេះ ចាប់ពីឆ្នាំ២០១៤ មកទល់នឹងពេលបច្ចុប្បន្ន។ លោក Prabowo ត្រូវបានជ្រើសតាំងជា បេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner