ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ៖ សិស្សនគរបាលទាំងអស់ ខិតខំពង្រឹង និងពង្រីកចំណេះដឹងដើម្បីបំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋ
(កំពង់ឆ្នាំង)៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨២នាក់ នារី៥៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទង់នឹងវិស័យសន្តិសុខ ដោយផ្ដោតលើគោលដៅ៣សំខាន់ៗ: ទី១- ការបណ្តុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ទី២- ការពង្រឹងសមត្ថភាព និងបន្តជម្រុញវឌ្ឍនភាពបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគនានា។ ទី៣- ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។
ទន្ទឹមនេះដែរ ឯកឧត្ដម អភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលភូមិភាគ៦ ដែលមានការអភិវឌ្ឍនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្តុះបណ្ដាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍនបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគនានា។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន១៥រូប និងប័ណ្ឌថ្លែងអំណរគុណដល់សប្បុរសជនចំនួន ២រូប និងផ្ដល់ប្រាក់ឧបត្ថម្ភដល់សិស្សនគរបាលផងដេរ ៕
ដោយ / គ្រី សម្បត្តិ