អ្នកដឹកនាំរឿងហូលីវូដចោទលោក Elon Musk លួចចម្លងម៉ូដមនុស្សយន្ត និងឡានអគ្គិសនី
វ៉ាស៊ីនតោន៖ អ្នកដឹកនាំរឿងដ៏ល្បី លោក Alex Proyas ចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ពីការលួចចម្លងស្នាដៃរចនាម៉ូដមនុស្សយន្តរបស់ខ្លួន ចេញពីសាច់រឿងហូលីវូដ មានចំណងជើងថា ‘I, Robot’ ក្នុងឆ្នាំ ២០០៤ និងឡានអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
លោក Proyas ចោទប្រកាន់លោក Musk លួចចម្លងស្នាដៃរបស់ខ្លួន តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា “ហេ Elon តើខ្ញុំអាចយកការរចនារបស់ខ្ញុំមកវិញបានទេ” ខណៈការបង្ហោះសារនេះមានអ្នកមើលរហូតដល់ ៦.៤លានដងឯណោះ។
អ្នកដឹកនាំរឿងជនជាតិអូស្ត្រាលីរូបនេះនិយាយថា គាត់បានធ្វើការជាមួយក្រុមអ្នករចនាដ៏ប៉ិនប្រសប់ ដើម្បីបង្កើតរូបភាពនៃខ្សែភាពយន្ត I, Robot។ លោក Proyas បន្ថែមថា លោក Elon Musk មានក្រុមអ្នករចនាដែលមិនសូវមានទេពកោសល្យ ជាអ្នកដែលមើលខ្សែភាពយន្តច្រើន រួមទាំងរឿង I, Robot។
ការអះអាងរបស់លោក Proyas នាំឱ្យមានការជជែកដេញដោលជាច្រើន រួមទាំងការមន្ទិលសង្ស័យនៅលើបណ្តាញអ៊ីនធឺណេត។ ហើយការចោទប្រកាន់នេះទៀតសោត កើតឡើងបន្ទាប់ពីលោក Musk ទើបបញ្ចេញឡានអគ្គិសនី Robotaxi នៅក្នុងព្រឹត្តិការណ៍ដ៏រំជើបរំជួលមួយ រួមទាំងមនុស្សយន្ត Optimus។
ទោះបីជាយ៉ាងណា នេះមិនមែនជាលើកដំបូងទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យារងការចោទប្រកាន់ ពីការលួចម្លងគំនិតថ្មីៗ និងប្លែកៗចេញពីខ្សែភាពយន្តបែបវិទ្យាសាស្ត្រ និងរឿងប្រលោមលោក ជាពិសេសនៅពេលក្រុមហ៊ុនព្យាយាមអភិវឌ្ឍឧបករណ៍ និងមនុស្សយន្តថ្មីៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា AI៕
ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា