វៀតណាមចាយ ៧ពាន់លានដុល្លារសាង់ផ្លូវរថភ្លើងតភ្ជាប់ចិន រំពឹងមានអ្នកដំណើរ ៨លាននាក់ និងទំនិញ ១៧លានតោនមួយឆ្នាំ
ហាណូយ៖ បច្ចុប្បន្ន វៀតណាមមានគោលបំណងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ដែលមានវ័យចំណាស់របស់ខ្លួន រួមទាំងផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវរថភ្លើងតភ្ជាប់ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។
ជាក់ស្តែង អាជ្ញាធរផ្លូវដែកវៀតណាមបានដាក់ផែនការសាងសង់ផ្លូវរថភ្លើង Lao Cai-Ha Long ទៅក្រសួងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យ និងអនុម័ត។ យោងតាមការប៉ាន់ស្មាន វៀតណាមអាចនឹងចំណាយប្រាក់រហូតដល់ ៧.២ពាន់លានដុល្លារ សាងសង់ផ្លូវដែកថ្មីមួយ ដែលតភ្ជាប់វៀតណាមជាមួយខេត្តយូណាន របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការវៀតណាមរាយការណ៍ថា គម្រោងផ្លូវដែកខ្នាតយក្សនេះ នឹងមានប្រវែងប្រហែល ៤២៧គីឡូម៉ែត្រ រត់ពីខេត្តព្រំដែនឡាវ Cai ឆ្លងកាត់រដ្ឋធានីហាណូយ និងទីក្រុងកំពង់ផែ Haiphong ទៅកាន់ទីក្រុង Ha Long ។
ការសាងសង់ផ្លូវដែកត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០៣០ ហើយតម្រូវការដឹកជញ្ជូនតាមតំណផ្លូវដែកនេះ ក៏ត្រូវបានប៉ាន់ប្រមាណដែរថា នឹងមានអ្នកដំណើរប្រហែល ៨.៣លាននាក់ និងទំនិញ ១៧.៥លានតោនក្នុងមួយឆ្នាំនៅឆ្នាំ ២០៥០៕
ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា