សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អង្គការ CCF និងអង្គការ PSE បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការស្នាមញញឹមនៃកុមារ (PSE) បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ជាពិសេស បានផ្ដល់ការអប់រំដល់កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះមានសមត្ថភាពទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេសថែមទៀត ។ ការបញ្ជាក់នេះ ក្នុពិធីជួបសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយ លោកតា លោកយាយ និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ១០០០ នាក់ នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។

ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបានសន្យាថានឹងរៀបចំដំណើរកម្សាន្តជូនលោកតាលោកយាយទៅកម្សាន្តនៅភ្នំគូលែន ខេត្តសៀមរាប នាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ជាពិសេសបានផ្ដល់ការអប់រំដល់កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះមានសមត្ថភាពទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេសថែមទៀត។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សនៃអង្គការទាំងពីរ ដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេស និងអាហារូបករណ៍នៅប្រទេសចិនផងដែរ។

ក្នុងឱកាសនោះ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មរបស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង១០ឆ្នាំ មកនេះ។ ទន្ទឹមនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដីរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង២០ឆ្នាំ របស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព និងកម្មវិធីអប់រំ ក្នុងនោះមានសិស្សកំពុងសិក្សាចំនួនសរុបប្រមាណ ១.៨០០ នាក់ ដោយសិស្សកំពុងសិក្សានៅសាកលវិទ្យាល័យមានចំនួន ១៨៥ នាក់ នៅទារកដ្ឋាន និងមតេយ្យសិក្សា ១៤០នាក់។ លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយរីករាយឥតឧបមា ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកពីការងារចុះជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែងអំណរគុណដល់សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។

ជាចុងក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និងសិស្សានុសិស្សមានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើនសម្រាប់បំពេញតម្រូវការទទួលទានប្រចាំថ្ងៃ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner