អាមេរិកបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-2 កម្ទេចឃ្លាំងអាវុធក្រុមហ៊ូទីយេមែន
វ៉ាស៊ីនតោន៖ ប្រមុខការពារជាតិអាមេរិកនិយាយថា ប្រទេសរបស់លោកបានការវាយប្រហារជុំដំបូង ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន កាលពីល្ងាចថ្ងៃពុធ ដោយបានកំណត់គោលដៅលើទីតាំងស្តុកអាវុធក្រោមដីចំនួន៥ ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
មន្ត្រីការពារជាតិអាមេរិកបីនាក់បានប្រាប់ទូរទស្សន៍ CNN ថា ការវាយប្រហារនោះ បានកំណត់គោលដៅកម្ទេចអាវុធទំនើបៗ ដែលក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក ប្រើដើម្បីវាយប្រហារនាវាយោធា និងស៊ីវិលនៅដែនសមុទ្រក្រហម និងឈូងសមុទ្រ Aden។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ បង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់អាមេរិក កម្ទេចគោលដៅដែលសត្រូវព្យាយាមមិនឱ្យយើងទៅដល់ ឬកប់នៅក្រោមដីយ៉ាងជ្រៅ ឬក៏រឹងមាំយ៉ាងណាក៏ដោយ។
លោក Austin បន្ថែមថា តួនាទីរបស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 របស់កងទ័ពអាកាសអាមេរិក បង្ហាញពីសមត្ថភាពវាយប្រហារសកលរបស់អាមេរិក ដើម្បីចាត់វិធានការប្រឆាំងនឹងគោលដៅសត្រូវ នៅពេលចាំបាច់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលនេះជាលើកដំបូងហើយ ដែលអាមេរិកប្រើ B-2 វាយប្រហារក្រុមហ៊ូទីនៅយេម៉ែន។
យន្តហោះ B-2 មានរូបរាងធំជាងយន្តហោះចម្បាំង ដែលអាមេរិកប្រើប្រាស់កន្លងមក ដើម្បីវាយកម្ទេចទីតាំងឈរជើង និងឃ្លាំងអាវុធរបស់ក្រុមហ៊ូទី ហើយវាមានសមត្ថភាពផ្ទុកគ្រាប់បែកធ្ងន់ជាងឆ្ងាយ បើធៀបនឹងយន្តហោះដទៃទៀត។
ប្រតិបត្តិការយោធានេះ គឺជាការវាយប្រហារចុងក្រោយបំផុតរវាងអាមេរិក និងក្រុមហ៊ូទី ដោយសារតែក្រុមឧទ្ទាមនៅយេម៉ែននេះ កំពុងបន្តវាយប្រហារឥតឈប់ឈរលើនាវាដឹកជញ្ជូនពាណិជ្ជកម្ម និងទ្រព្យសម្បត្តិរបស់កងទ័ពជើងទឹកនៅក្នុងតំបន់អស់រយៈពេលជាច្រើនខែ៕
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា