សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាល ជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ១០០០ នាក់ នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់ បេសកកម្មរបស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង ១០ឆ្នាំ ។ ទន្ទឹមនេះ លោក ស្តុត នីសុន ក៏បានរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង ២០ឆ្នាំ របស់អង្គការលើទឹកដីកម្ពុជា ក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព និងកម្មវិធីអប់រំ ក្នុងនោះមានសិស្ស កំពុងសិក្សាចំនួនសរុបប្រមាណ ១.៨០០នាក់ ដោយសិស្ស កំពុងសិក្សានៅសាកលវិទ្យាល័យមាន ១៨៥នាក់ នៅទារកដ្ឋាន និងមតេយ្យសិក្សា ១៤០នាក់ ។
ក្នុងជំនួបសំណេះសំណាលក្រៅផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា កម្មវិធីសម្រាប់ថ្ងៃនេះ មិនត្រឹមតែជាពិធីសំណេះសំណាល តែមួយមុខនោះទេ តែគាប់ជួននៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ខាងមុខ ក៏ត្រូវជាថ្ងៃខួបសំណើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ទើបបានជាថ្ងៃនេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច បានអញ្ជើញមកដល់អង្គការ CCF ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ដូច្នេះថា ដោយសារថា បងម៉ាណែត នឹងមានខួបកំណើតរបស់ប៉ាណែត គឺនៅក្នុងថ្ងៃទី២០ ខែ១០ ថ្ងៃអាទិត្យ ។ ជារៀងរាល់ឆ្នាំ មិនដែលធ្វើ Birthday ទេ បើកូនៗខ្ញុំវិញច្រើនណាស់ កាត់តែនំ ទិញតែនំខេកមួយ ឱ្យផ្លុំនៅផ្ទះទៅបានហើយ នឹងជាទម្លាប់នៅក្នុងគ្រួសារ ហើយបើថ្ងៃ Birthday បងម៉ាណែត ជារៀងរាល់ឆ្នាំ បើមិនមែនទៅកន្លែងធ្វើបាយទឹកជូនដល់ក្មេងៗកុមារកំព្រារទេ ក៏ទៅវត្តដែរ ប៉ុន្តែឆ្នាំនេះ គឺបងណែត គាត់ថា ចង់ធ្វើបាយទឹកជូន ចង់ជួបដល់ក្មួយៗ លោកតា លោកយាយ ចឹង ក៏គាត់មានប្រសាសន៍ថា រៀបចំកន្លែងណា ចឹងនាងខ្ញុំនឹកឃើញដល់ CCF ហើយនិង PSE នេះជាពិសេស ចង់ឱ្យបងណែត មកជួបដល់លោកតា លោកយាយ នៅ CCF នេះ ដោយសារតែរាល់ដង លោកតា លោកយាយ ជួបតែចៅស្រី មិនដែលបានជួបចៅប្រុសសោះ ចឹងថ្ងៃនេះ នាំចៅប្រុសមកជួប ។
នៅក្នុងឱ្យកាសដ៏សប្បាយរីករាយ និងមានភាពស្និទស្នាលប្រៀបបានគ្រួសារតែមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទាំង CCF ទាំង PSE ថ្ងៃនេះ ក៏បានជួបគ្នា តាមពិតដូចគ្រួសារខ្ញុំគាត់លើក គឺខួបថ្ងៃ២០ឯណោះ តាមពិតចង់ធ្វើថ្ងៃ២០ តែដល់ថ្ងៃ២០នេះ ខ្ញុំជាប់នៅឥណ្ឌូនេស៊ី ដើម្បីចូលរួមអបអរសាទរប្រធានាធិបតីថ្មី ឡើងកាន់តំណែង ចឹងមកអត់ទាន់ ក៏មកធ្វើចំថ្ងៃនេះតែម្តង ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស គឺប្រទេសចិន ដល់កុមារនៃអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ។ ជាមួយនឹងការប្រកាសផ្តល់នូវអហារូបករណ៍ដែរនោះ សម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ ឲ្យបន្តខិតខំសិក្សាបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង។
សម្តេច បានប្រកាសជួយទំនុកបម្រុងផ្សេងៗទៀតផងដែរ សម្រាប់អង្គការទាំងនេះ ដើម្បីជួយដល់កុមារ និងលោកតា លោកយាយកម្ពុជា ដែលកំពុងសិក្សា និងស្នាក់អាស្រ័យ ជាមួយអង្គការទាំងពីរខាងលើនេះ ដោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ថវិកា ដល់អង្គការទាំងពីរចំនួន ៤០លានរៀល, អង្ករ, មី និងភេសជ្ជៈមួយចំនួនទៀត ។
សម្តេច ក៏បានថ្លែងអំណរគុណចំពោះប្រធានអង្គការទាំងពីរ ដែលបានជួយដល់រាជរដ្ឋាភបាល ក៏ដូចពលរដ្ឋខ្មែរបានយ៉ាងច្រើន តាមរយៈការជួយចិញ្ចឹមកុមារកម្ពុជា និងការផ្គត់ផ្គង់គ្រប់បែបយ៉ាងឲ្យពួកគេមានការសិក្សាខ្ពស់ រហូតដល់បានរៀននៅក្រៅប្រទេសផងដែរ ។
សម្តេចធិបតី បានបន្តថា ការលះបង់របស់អង្គការ CCF និង PSE ដែលបានខិតខំ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ក៏បានជួយច្រើនដល់រាជរដ្ឋាភិបាល សម្តេចតេជោ លោកតែងតែគាំទ្រ ទៅដល់សកម្មភាពនេះ ឥឡូវលោកទាំងពីរជាខ្មែរ (ប្រធានអង្គការទាំងពីរ) រួចទៅហើយ ចឹងយើងខ្មែរទាំងអស់គ្នានៅទីនេះ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានសម្រេច ផ្តល់ដំណើរកម្សាន្ត ជូនដល់លោកតាលោកយាយ ទៅកាន់ភ្នំគូលែន ខេត្តសៀមរាប តបតាមការស្នើសុំ ដែលគ្រោងប្រព្រឹត្តិទៅក្រោយព្រះរាជពិធីបុណ្យអុំទូក ។
លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បង្ហាញក្ដីរំភើប រីករាយ ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសចុះជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែង អំណរគុណដល់សម្ដេច និងលោកជំទាវ ក៏ដូចជា អង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្ស របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ