ពិធីប្រណាំងទូកនៅក្រុងតាខ្មៅខេត្តកណ្តាលរយៈពេល២ថ្ងៃចាប់ផ្តើមហើយ
(ខេត្តកណ្តាល)៖ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាស សប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព និងក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ចាប់ផ្តើមហើយ ។
ពិធីប្រណាំងទូកនៅក្រុងតាខ្មៅនាឱកាសនេះ មានការអញ្ចើញជាអធិបតីភាពពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកសភាមណ្ឌលកណ្ដាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា និង ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចូលរួមពីមន្រ្តីរាជការ កងកំលាំងទាំងបី មន្ទីរនានាជំវិញខេត្ត និងប្រជាពលរដ្ឋ កីឡាករ យ៉ាងច្រើនកុះករ បានមកចូលរួម កម្សាន្តសប្បាយនូវព្រឹត្តិការណ៍ដ៍អស្ចារ្យមួយនេះ ដែលកំពុងកើតមានក្រោមតំបូលនៃសុខសន្តិភាព។
គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ ៖ទូកអុំចំនួន ៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។
ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំងផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ