ថ្ងៃស្អែកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណប្រតិភូ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ទៅចូលរួមពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ នៅប្រទេសចិន
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពូជា ឯកឧត្តម ហួត ហាក់ នឹងដឹកនាំគណប្រតិភូ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃស្អែកនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ ( The 13th China Zhengzhou International Shaolin Wushu Festival ) នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងពេលពិធីបុណ្យនេះ នឹងមានការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសៅលីងវូស៊ូ។
ឯកឧត្តម ហួត ហាក់ ក្នុងនាមជាភ្ញៀវកិត្តិយស នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ និងកម្មវិធីល្បុក្កតោ កម្ពុជា-ហឺណាន (Henan and Cambodia Bokator Martial Arte) ផងដែរ ។ នៅក្នុងព្រឹត្តិការណ៍នោះនឹងមានការសម្តែងរួមគ្នាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់សៅលីញវូស៊ូ (Whshu Shaolin ) នៅបរិវេណព្រះវិហារវត្ត Shaolin ។
បើតាមក្រសួងទេសចរណ ការសម្តែងរួមគ្នារវាងកម្ពុជា និងចិននេះ នឹងក្លាយជាឱកាសក្នុងការផ្សព្វផ្សាយអំពីក្បាច់គុនល្បុកតោកម្ពុជា វឌ្ឍភាពទេសចរណ៍កម្ពុជា ការពង្រឹងកិច្ចសហប្រតិ្តបត្តិការទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ។ ជាពិសេសបន្ថែមទៀតក៏នឹងបន្តជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ ។
ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin ) មកពីប្រទេសចិន ប្រទេសក្នុងតំបន់ និងពិភពលោកសរុបប្រមាណជាង ១ពាន់ ២០០នាក់ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងនោះផងទៀត ក៏គ្រោនឹងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហឺណាន ថ្នាក់ដឹកនាំទីក្រុងចឹងចូវ និងក្រុមហ៊ុនទេសចរណ៍ចិនធំៗដែលមានសក្តានុពលមួយចំនួនផងដែរ ៕
អត្ថបទ ៖ គង់ សុផុល