កម្ពុជា ស្ថិតនៅក្នុងដំណាក់កាលប្រើអេអាយ(AI)ដំបូង ដែលមិនទាន់អាចវាយតម្លៃពីបញ្ហាប្រឈមនៅឡើយ
(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជាប្រព័ន្ធអេអាយ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ហើយបើនិយាយពីបញ្ហាប្រឈមវិញនៅកម្ពុជាក៏មិនអាចទាន់និយាយបានឡើយហើយពេលនេះក្រសួងប្រៃសណីយ៍ក៏បានធ្វើការជាមួយនឹងអង្គការយូនីស្កូដើម្បីសិក្សាអំពីថាតើបច្ចុប្បន្ននេះកម្ពុជាស្ថិតនៅទីណាក្នុងការប្រើប្រាស់ប្រព័ន្ធអេអាយ ។
នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ និង ទូរគមនាគមន៍ ។
គួរបញ្ជាក់ថាបញ្ញាសិប្បនិម្មិត -Artificial Intelligence អេអាយ(AI)គឺសំដៅលើជ្រុងមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដោយផ្តោតទៅលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ឬធ្វើការជំនួសមនុស្សបាន ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានមុនពេលបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង”មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” នារសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី បានឱ្យដឹងថា៖មូលហេតុដែលក្រសួងបានគិតគូពីប្រព័ន្ធអេអាយនោះព្រោះថាអេអាយ គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលបានជួយសម្រួលការងារមនុស្សបានច្រើន។វាមានផលប្រយោជន៍ធំធេងដូចជាកាត់បន្ថយតម្លៃកាត់បន្ថយការប្រើពេលវេលា ដូចជាយើងធ្វើការរហូត ១០ម៉ោងតែអេអាយធ្វើការតែ ១០នាទីប៉ុណ្ណោះ ។
ឯកឧត្តមមានប្រសាសន៍ថា“វាអាចជំនួយផ្នែកបច្ចេកទេដោយផ្តល់ផលប្រយោជន៍ច្រើនដល់យើង និងវា ក៏មានហានិភ័យផងដែរ ។ សម្រាប់ក្របខណ្ឌនៅក្នុងប្រទេសកម្ពុជា អេអាយបានទទួលផលប្រយោជន៍ច្រើនគឺនៅពេលដែលយើងអាចចេះប្រើប្រាស់វា ប៉ុន្តែនៅពេលដែលយើងមិនអាចប្រើប្រាស់វាបានច្រើននោះទេវានឹងជះផលអាក្រក់មកយើងវិញ។
បើតាម ឯកឧត្តមអគ្គនាយក បានលើកឡើងថា៖វិធានពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនេះក្រសួងប្រៃសណីយ៍ នឹងដាក់ចេញនៅក្នុងរយៈពេលនៅពាក់កណ្ដាលឆ្នាំ ២០២៥ខាងមុខ។
ឯកឧត្តមបញ្ជាក់បន្ថែមថា”យើងកំពុងតែធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់អេអាយនៅក្នុងប្រទេសទាំងអស់នៅក្នុងសកលលោក ដែលបានប្រើប្រាស់នៅក្នុងក្របខណ្ឌឬវិធាននេះដូចៗគ្នាឬស្តង់ដាតែម្តង។អញ្ចឹងនៅពេលដែលយើងធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នហើយ យើងនឹងដឹងថានៅទីណា ពេលនោះយើងនឹងត្រូវធ្វើបែបម៉េចទៀតដើម្បីធ្វើការអភិវឌ្ឍន៍ អេអាយ ថែមទៀត”។
ជាមួយគ្នានេះឯកឧត្តម អគ្គនាយកបានបញ្ជាក់ដែរថាប្រព័ន្ធ អេអាយបានបែងចែកជា៣កម្រិត។ទីមួយហៅថាកម្រិតទាប( វាគិតស្ថិតនៅក្នុងកម្រិតទាប)ទី២ កម្រិតដូចមនុស្ស (សមត្ថភាពរបស់វាដូចជាមនុស្ស)។ វាអាចសិក្សានៅបរិស្ថានជុំវិញនិងបង្កើតអ្វីដែលថ្មីៗដែលកម្រិតនេះវាស្ថិតនៅក្នុងមានភាពហានិភ័យច្រើន។ទីបីវាមានសមត្ថភាពលើសពីមនុស្សយើង។ប៉ុន្តែក្នុងបរិបទបច្ចុប្បន្ននេះប្រព័ន្ធអេអាយ ស្ថិតនៅក្នុងកម្រិតទាបតែជិតដល់ស្ថិតក្នុងកម្រិតជិតដូចមនុស្សហើយ។
ទាក់ទិនទៅនឹងការវិវឌ្ឍន៍នៃអេអាយនេះឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី បានលើកឡើងថាសម្រាប់ប្រព័ន្ធ អេអាយ អាចនឹងស្ថិតក្នុងកម្រិតមនុស្សនៅក្នុងឆ្នាំ ២០២៣ឬ ២០២៥ខាងមុខ។ ដូច្នេះបច្ចុប្បន្ននេះស្ថិតនៅក្នុងកម្រិតទាបដែលមិនទាន់ស្ថិតនៅមានភាពហានិភ័យនៅឡើយនោះទេ។ព្រោះថាអេអាយកម្រិតនេះស្ថិតនៅក្នុងការបណ្ដុះបណ្ដាលនៅឡើយពោលគឺមនុស្សគឺជាអ្នកបញ្ចូលទិន្នន័យឬអាចនិយាយថាជាអ្នករៀបចំវា។
ឯកឧត្តមបានធ្វើការពន្យល់ថាសម្រាប់មូលហេតុដែលក្រសួងប្រៃសណីយ៍ទូរគមនាគមន៍រៀបចំសិក្ខាសាលានេះឡើងដែលជាផ្នែកមួយក្នុងការសម្របសម្រួលជាមួយក្នុងការទាក់ទងជាមួយស្ថាប័នផ្សេងៗស្ថិតនៅក្នុងកម្រិតតំបន់(អាស៊ាន)។
ក្រសួងបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការធ្វើការងារទាក់ទងនឹងក្របខណ្ឌឌីជីថលអាស៊ានដែលជាកិច្ចប្រជុំកំពូលស្ថិតនៅក្នុងក្របខណ្ឌអាស៊ានដែលនៅក្នុងនោះប្រទេសទាំង១០ ដែលជាសមាជិកអាស៊ានបានធ្វើការប្រជុំមួយឆ្នាំម្ដងជាមួយនឹងការអាប់ដេតលើវិស័យឌីជីថលនៅក្នុងប្រទេសរបស់ខ្លួន។ការពីឆ្នាំមុនកិច្ចប្រជុំកំពូលអាស៊ានឌីជីថលនេះដែរក៏បានអនុម័តលើមគ្គទេសអេអាយ និងក្រមសីលធម៌អាអាយរួចមកហើយ។ ដោយឡែកសម្រាប់កិច្ចប្រជុំនៅថ្ងៃនេះគឺក្នុងគោលបំណងចង់បង្ហាញសាធារណៈជនបានដឹងថាតើវិធានគោលសំខាន់ៗណាខ្លះដែលមានរំលេចនៅក្នុងអភិបាលកិច្ច នៅក្នុងក្រមសីលធម៌អេអាយ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួងពិសិដ្ឋ