ខេត្តកែបប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ជាមួយការបង្ហាញសមិទ្ធផលថ្មី
កែប៖ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ នេះបានប្រារព្ធនៅខេត្តកែប ក្រោមប្រធានបទ “សិទ្ធទទួលបានអាហារ ដើម្បីជីវិត និងអនាគតកាន់តែប្រសើរ”កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក ហួរ មិថុនា អភិបាលរងខេត្តកែប ,តំណាងកម្មវិធីស្បៀងអាហារពិភពលោក តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានលើកឡើងថា ជាកិត្តិយសរបស់ខេត្តកែប ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់កិត្តិយសរើសយកខេត្តកែបប្រារព្ធនូវ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ នាពេលនេះ។ ផ្អែកតាមស្ថានភាពភូមិសាស្ត្រ ធម្មជាតិ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល,ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តកែបបានធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ខេត្តកែបមានផលិតផលកសិកម្ម សម្គាល់ភូមិសាស្ត្រល្បីល្បាញមួយចំនួនដែលទទួលស្គាល់ទូទាំងប្រទេស និងអន្តរជាតិ ដូចជា ម្រេច ផ្កាអំបិល ក្ដាមសេះ ដូងក្រអូប ជាដើម។
ឯកឧត្តម តូច ប៊ុនហួរ ដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទបានលើកឡើងថា ទិវាស្បៀងអាហារពិភពលោក បានផ្តួចផ្តើមឡើងជាលើកដំបូង នៅឆ្នាំ១៩៨១ ហើយការប្រារព្ធទិវានេះ គឺស្របពេលជាមួយនឹងការរំលឹកខួបលើកទី៧៩ឆ្នាំ នៃការបង្កើតអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិ (FAO) រាល់ព្រឹត្តិការណ៍នានា ដែលធ្វើនៅតាមបណ្តាប្រទេសលើសកលលោក គឺបំផុសឆន្ទៈរួម សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាន របស់ប្រជាជននៃបណ្តាប្រទេសទាំងអស់លើសកលលោក រួមទាំងកម្ពុជាដែរ។
ឯកឧត្តមបន្តថាក្នុងដំណាក់កាលទី១នេះក្រសួងបានដាក់មន្រ្តីចំនួន ២៥០នាក់ឱ្យបំពេញបេសកកម្មក្នុងការជួយប្រជាកសិករ តាមរយៈការប្រឹក្សាយោបល់ និងគាំទ្រលើផ្នែកបច្ចេកទេស ក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀងផងដែរ។ លើសពីនេះក្រសួង ក៏បន្តសហការជាមួយ អង្គការដៃគូទាំងជាតិ និងអន្តរជាតិ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចក្ខុវិស័យប្រាកដប្រជា គឺយើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យ ត្រឹមឆ្នាំ២០៣០ ក្នុងន័យធានា “ការមានស្បៀង លទ្ធភាពទទួលស្បៀង ការប្រើប្រាស់ស្បៀង និងស្ថិរភាពស្បៀង”៕
ដោយ៖ សិលា សារិន