អភិបាលខេត្តកំពត ណែនាំបន្ថែមត្រូវបង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនៅមូលដ្ឋាន
កំពត៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបង្ហាញនូវការកត់សម្គាល់ថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ នៅខេត្តកំពតមានភាពល្អប្រសើរ ភ្ញៀវទេសចរមកកម្សាន្តកក់ក្តៅក្នុងចិត្ត ដោយសារមន្ត្រីរាជការជំនាញ អាជ្ញាធរ កម្លាំងសមត្ថកិច្ចសហការគ្នាបានយ៉ាងល្អ។ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តកំពតក៏នៅការងារខ្វះចន្លោះមួយចំនួន ដែលទាមទារឱ្យមានការចូលរួមសហការគ្នា ធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត ។
អ្វីដែលជាការត្រូវជំរុញបន្ថែមនោះ ឯកឧត្តម ម៉ៅ ធនិន បញ្ជាក់ថា មានការងារការពារធនធានធម្មជាតិ ,ការងារបង្ក្រាបបទល្មើសផ្សេងៗ (ពិសេសគ្រឿងញៀន និងល្បែងស៊ីសង) ,ការងារការពារបូរណភាពទឹកដីទាំងព្រំដែនទឹក និងគោក ,ការងារការពារវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិនៅតំបន់ភ្នំបូកគោ និងការងារតបណ្តាញទឹកភ្លើងជូនប្រជាពលរដ្ឋជាដើម ។
ឯកឧត្តមបានបញ្ជាក់ថា បទល្មើសកើតឡើងនៅកន្លែងណា អាជ្ញាធរកន្លែងនោះ ត្រូវរាយការណ៍ និងមានចំណាត់ការ ដោះស្រាយទៅតាមនីតិវិធីច្បាប់ដែលបានកំណត់ ។ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង ត្រូវមានស្មារតីប្រុងប្រយ័ត្ននិងឆន្ទៈខ្ពស់គិតគូរអំពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ។ពិសេសអាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យយល់ដឹងច្បាស់អំពីការងារព្រំដែន ហើយរួមគ្នាការពារឱ្យបានល្អ ៕
ដោយ៖ សិលា សារិន