សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈី ឈឹងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម ឈី ឈឹងសាន (QU Qingshan) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ។ សម្តេច ក៏បានអរគុណដែល ឯកឧត្តមនឹងធ្វើបទបង្ហាញស្តីពី «ប្រវត្តិ ១០០ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា ឯកឧត្តម ឈី ឈឹងសាន បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបញ្ជាក់ថា សម្តេចតេជោ គឺជាអ្នកនយោបាយមួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេច កម្ពុជាអាចសម្រេចបាននូវការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនគឺជាមិត្តភាពដែកថែប ដែលយើងគួរសហការនិងអនុវត្តបន្ថែមលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលសម្តេចតេជោ និង ឯកឧត្តម ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ឈី ឈឹងសាន បានលើកឡើងថា ថ្វីត្បិតនេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់ឯកឧត្តមពិតមែន ប៉ុន្តែ ឯកឧត្តមបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី គឺរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សេរីភាព និងការអភិវឌ្ឍលើគ្រគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយ ឯកឧត្តមបង្ហាញក្ដីសង្ឃឹមថាកម្ពុជានឹងបន្តការរីកចម្រើនថែមទៀតនៅពេលនាអនាគត។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេច ទៅ ឯកឧត្តម ស៊ី ជីនពីង វិញផង។ សម្តេច ក៏បានអបអរសាទរចំពោះកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ និងការធ្វើទំនើបកម្មរបស់ចិន ហើយសម្តេចក៏បានបន្តថា គ្មានការសង្ស័យឡើយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិននិងឯកឧត្តម ស៊ី ជីនពីង ចំពោះការរីកចម្រើនឥតឈប់ឈររបស់ប្រទេសចិន។

សម្ដេចតេជោបានបន្ថែមថា គ្មានការសង្ស័យទេក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន និងឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង ប្រទេសចិននៅតែជាប្រទេសដែលរឹងមាំហើយមិនមែនសម្រាប់តែចិនខ្លួនឯងនោះទេតែក៏សម្រាប់តំបន់ទាំងមូលផងដែរ។

សម្តេច មានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រតាំងពីសម័យចេនឡាបន្តមកដល់សម័យបច្ចុប្បន្ន ហើយកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយដែលមានរួចមកហើយ និងចាំបាច់បន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍វាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចបានសង្កត់ធ្ងន់ថា ជំនួយរបស់មិត្តចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ ដែលតម្រូវឱ្យយើងមានភាពចាំបាច់ក្នុងការជំរុញមិត្តភាពមួយនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចក៏បានអរគុណមិត្តចិនដែលបានផ្តល់ជាកញ្ចប់ជំនួយដល់កម្ពុជា ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវនាពេលថ្មីៗនេះ។ សម្តេច ក៏បានលើកឡើងពីអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះទំនាក់ទំនងអាស៊ាន-ចិន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន គួរតែត្រូវបានជំរុញបន្ថែមទៀត។

សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យ ឯកឧត្តម ប្រធានគណៈប្រតិភូ ពាំនាំនូវការផ្ដាំផ្ញើសួរទុក្ខ និងការនឹករលឹក ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយសង្ឃឹមថានឹងបានជួប ឯកឧត្តម ស៊ី ជីនពីង នាពេលខាងមុខនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner